រដ្ឋមន្រ្តីក្រសួងទេសចរណ៍ថៃ​ ស្នើឱ្យពន្យារពេលនៃយុទ្ធនាការជំរុញទេសចរណ៍រហូតដល់ចុងឆ្នាំ ២០២១ ដោយសារបច្ចុប្បន្នវីរុសកូវីដ នៅតែបន្តរាតត្បាត
ទេសចរណ៍ May 7, 2021 Khmernote

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងកីឡាថៃ គ្រោងនឹងស្នើគណៈរដ្ឋមន្រ្តីឱ្យពន្យារពេលនៃយុទ្ធនាការជំរុញទេសចរណ៍ចំនួន ២ ដែលនឹងបញ្ចប់នៅថ្ងៃទី ៣១ ខែសីហា បន្តរហូតដល់ដល់ចុងឆ្នាំនេះ នេះបើយោងតាមការលើកឡើងរបស់លោក Pipat Ratchakitprakarn។ ជាមួយគ្នានោះលោករដ្ឋមន្រ្តីបានឱ្យដឹងថា​ ក្រសួងនៅតែរក្សាកាលបរិច្ឆេទនៃការដាក់ឱ្យដំណើរការនៅថ្ងៃទី១ ខែកក្កដា នៃយុទ្ធនាការភូកេតទេសចរណ៍ (Phuket Tourism Sandbox) ដ៏សំខាន់របស់ខ្លួន។

លើសពីនេះទៅទៀត លោកបានមានប្រសាសន៍ថា៖ « នៅពេលដែលស្ថានភាព Covid-19 នៅតែកំពុងរីករាលដាលខ្លាំងជាមួយនឹងចំនួនអ្នកឆ្លងថ្មីដែលកំពុងកើនឡើង យើងបានសំរេចថាយុទ្ធនាការគួរតែត្រូវបានបន្តរហូតដល់ចុងឆ្នាំ ដើម្បីទាក់ទាញប្រជាជនឱ្យធ្វើដំណើរក្នុងស្រុកកាន់តែច្រើនឡើងៗ នៅពេលដែលស្ថានភាពកាន់តែប្រសើរឡើង »។

គួរឱ្យដឹងផងដែរថា យុទ្ធនាការឧបត្ថម្ភធនការធ្វើដំណើរត្រូវបានបង្កើតឡើងចំនួនពីរ៖ ទី១ គឺ Rao Tiew Duay Kan (យើងធ្វើដំណើររួមគ្នា) ដែលនឹងចាប់ផ្តើមនៅថ្ងៃទី ៧ ខែឧសភា ហើយទី២ គឺ (Tour Tiew Thai) ដែលនឹងចាប់ផ្តើមដំណើរការនៅថ្ងៃទី ២៧ ខែឧសភា។ យុទ្ធនាការទាំងពីរនេះ គឺសំដៅទៅលើជនជាតិថៃដែលមានអាយុលើសពី ១៨ ឆ្នាំ ហើយស្ថិតនៅក្រោមយុទ្ធនាការ (Rao Tiew Duay Kan) អ្នកចុះឈ្មោះដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នឹងទទួលបានការបញ្ចុះតម្លៃ ៤០% លើបន្ទប់សណ្ឋាគារ និងភោជនីយដ្ឋាន។ ពួកគេក៏នឹងទទួលបានប័ណ្ណអេឡិចត្រូនិចផងដែរនៅពេលដែលចុះឈ្មោះចូលសណ្ឋាគារ ក៏ដូចជាការសងប្រាក់វិញសម្រាប់ការហោះហើរចំនួន ៤០% នៅពេលពួកគេចាកចេញ។

ទន្ទឹមនឹងគ្នានោះគម្រោងបង់ប្រាក់រួមគ្នារបស់ (Tour Tiew Thai) បង្ហាញថារដ្ឋាភិបាលចំណាយរហូតដល់ទៅ ៤០% នៃកញ្ចប់ថវិកាដំណើរកម្សាន្តសម្រាប់ប្រជាជនអតិបរមាមួយលាននាក់។ ប្រាក់ឧបត្ថម្ភនេះត្រូវបានកំណត់ត្រឹម ៥,០០០ បាតក្នុងមួយដង ខណៈពេលដែលអ្នកចុះឈ្មោះអាចកក់ការធ្វើដំណើរដែលចាប់ផ្តើមពីខែឧសភា រហូតដល់ខែសីហា (ដូចកាលបរិច្ឆេទកំណត់ដើម)៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand