ដូចដែលយើងបានដឹងរួចមកហើយថា ចាប់តាំងពីវីរុសកូវីដ-១៩ បានរាតត្បាតមក គ្រប់ប្រទេសទាំងអស់បានដាក់ចេញវិធានការជាច្រើនទប់ស្កាត់ការរាតត្បាត ក្នុងនោះការធ្វើចត្តាឡីស័កគឺជាវិធានការចម្បងមួយដែលដាក់សម្រាប់អ្នកដំណើរ ឬភ្ញៀវទេសចរ ដែលមានបំណងចូលទៅក្នុងប្រទេសមួយ។ ការធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ បានធ្វើឱ្យអ្នកទេសចរភាគច្រើនបានសម្រេចចិត្តមិនធ្វើដំណើរ ចុះទម្រាំតែការធ្វើចត្តាឡីស័ករយៈពេល ២១ថ្ងៃនោះ តើពួកគេនឹងមានអារម្មណ៍បែបណា?
យ៉ាងណាមិញ កាលពីម្សិលមិញនេះ លោក Nguyễn Thanh Long រដ្ឋមន្រ្តីក្រសួងសុខាភិបាលនៃប្រទេសវៀតណាមបានប្រកាសថាប្រសិនបើអ្នកដែលចង់ធ្វើដំណើរទៅប្រទេសវៀតណាមឥឡូវនេះ នឹងត្រូវឆ្លងកាត់ការធ្វើចត្តាឡីស័ករយៈពេល ៣ សប្តាហ៍ក្នុងការចូលក្នុងប្រទេស។

ការផ្លាស់ប្តូរដោយបន្ថែមរយៈពេលធ្វើចត្តឡីស័កពីរយៈពេល ១៤ ថ្ងៃទៅ ២១ ថ្ងៃនេះ បានកើតឡើងបន្ទាប់ពីមន្រ្តីសុខាភិបាលវៀតណាមបានរាយការណ៍ពីករណីវិជ្ជមាន Covid-19 មួយចំនួនដែលត្រូវបានរកឃើញ បន្ទាប់ពីអ្នកជំងឺបានបញ្ចប់ការដាក់ឱ្យនៅដាច់រយៈពេល ១៤ ថ្ងៃ។ ជាក់ស្ដែងកាលពីខែមុនជនជាតិវៀតណាមម្នាក់បានវិលត្រឡប់មកពីប្រទេសជប៉ុនវិញ ហើយបានធ្វើតេស្តវិជ្ជមាន Covid-19 បន្ទាប់ពីគាត់ត្រូវបានដោះលែងពីការធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ។ របាយការណ៍បាននិយាយថាករណីនោះ បណ្តាលឱ្យមានការឆ្លងភាគខាងជើងខេត្ត Hà Nam។

គួរឱ្យដឹងផងដែរថា ប្រទេសដែលមានប្រជាជន ៩៦ លាននាក់នេះ បានរក្សាករណីទាបដោយមានតែករណីឆ្លងជំងឺចំនួន ៣,០០០ នាក់ និង ៣៥ នាក់បានស្លាប់ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ចាប់តាំងពីការឆ្លងរាតត្បាតកាលពីឆ្នាំមុន៕

អត្ថបទ៖ លីនី
ប្រភព៖ thethaiger


