រដ្ឋាភិបាលកូរ៉េ ផ្តល់ជំនួយមនុស្សធម៌នូវទឹកប្រាក់ចំនួន ៣០ម៉ឺនដុល្លារ ដើម្បីជួយដល់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩
សេដ្ឋកិច្ច May 6, 2021 Khmernote

រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ នឹងផ្តល់ជំនួយមនុស្សធម៌នូវគ្រឿងបរិក្ខារពេទ្យជាទឹកប្រាក់ស្មើនឹង ៣០ម៉ឺនដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយគាំទ្រកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា។

ក្នុងជំនួបជាមួយលោកជំទាវ សឿង រដ្ឋចាវី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ផាក ហ៊ឹងខ្យង់ (Park Heung-Kyeong) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជាបានមានប្រសាសន៍ថា រដ្ឋាភិបាលកូរ៉េបានសម្រេចជួយដល់កម្ពុជាដើម្បីគាំទ្រក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយផ្តល់នូវគ្រឿងបរិក្ខារពេទ្យមានទឹកប្រាក់ស្មើនឹង ៣០ ម៉ឺនដុល្លារ។

លោកជំទាវរដ្ឋលេខាធិការ សឿង រដ្ឋចាវី បានថ្លែងអំណរគុណចំពោះសណ្តានចិត្ត និងការគិតគូរយកចិត្តទុកដាក់របស់រដ្ឋាភិបាល និងប្រជាជនកូរ៉េ ផ្តល់នូវជំនួយដល់កម្ពុជាក្នុងគ្រាកំពុងត្រូវការជំនួយជាចាំបាច់។ លោកជំទាវបានបន្ដថា ក្នុងនាមជាមិត្ត និងដៃគូដ៏សំខាន់របស់កម្ពុជា សាធារណរដ្ឋកូរ៉េ កន្លងមកបានជួយកម្ពុជា ក្នុងកិច្ចប្រឹងប្រែងដើម្បីយកឈ្នះលើការរីករាលដាលនៃជំងឺកូវីដ-១៩។

លោកជំទាវរដ្ឋលេខាធិការបានបន្ថែមថា “ដោយយល់យ៉ាងច្បាស់ថា យើងមិនអាចមានសុវត្តិភាពបានទេនៅពេលមនុស្សជុំវិញខ្លួនយើងគ្មានសុវត្តិភាព យើងនឹងបន្តធ្វើការជាមួយគ្នាយ៉ាងជិតដិតជាមួយកម្ពុជាជាសាមគ្គីភាពដើម្បីលុបបំបាត់នូវវីរុសកូរ៉ូណា”។

សូមបញ្ជាក់ផងដែរថា បន្ទាប់ពីការផ្ទុះឡើងនូវជំងឺកូវីដ-១៩ នៅដើមឆ្នាំមុននេះ រដ្ឋាភិបាលកូរ៉េបានបរិច្ចាគភ្លាមៗនូវថវិកាចំនួន ២០ម៉ឺនដុល្លារអាម៉េរិក និងឧបករណ៍ធ្វើតេសរកមេរោគកូវីដ១៩ ដែលមានតម្លៃស្មើនឹង ១០ម៉ឺនដុល្លារ ជូនដល់រាជរដ្ឋាភិបាលកម្ពុជា កាលពីខែឧសភាឆ្នាំ២០២០កន្លងទៅនេះ។ ទន្ទឹមនេះ សាធារណរដ្ឋកូរ៉េ ក៏ធ្លាប់បានផ្តល់ឱ្យកម្ពុជាក្នុងការឆ្លើយតបប្រឆាំងនឹងវីរុសកូរ៉ូណាតាមរយៈ កម្មវិធីជំនួយឆ្លើយតបនឹងកូវីដ-១៩ (ABC Program: Agenda for Building Resilience Against COVID 19) ប្រមាណ ១លានដុល្លាអាម៉រិក ក្នុងនោះរួមមាន ការផ្តល់ជូនតង់សម្រាប់ធ្វើតេស្ដរកវីរុសចំនួន ២០ និងបន្ទប់ចល័តសំរាប់ដាក់អ្នកជំងឺកូវីដ ចំនួន៦០។ ផ្តល់គ្រឿងឧបភោគបរិភោគ និងឱសថសង្គ្រោះបឋមចាំបាច់ដល់អ្នកងាយរងគ្រោះ នៅតំបន់គោលដៅចំនួន៦ រួមមាន៖ រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តក្រចេះ ខេត្តឧត្តរមានជ័យ ខេត្តបាត់ដំបង និងខេត្តសៀមរាប។

កិច្ចសហប្រតិបត្តិការជាមួយនឹងអង្កការអន្តោប្រវេសន៍អន្តរជាតិលើការពង្រឹងការឆ្លើយតបនឹងជំងឺកូវីដ-១៩ ដើម្បីបញ្ជូនជនអន្តោប្រវេសន៍នៅកម្ពុជា នៅចំណុចច្រកចូល និងមណ្ឌលចត្តាឡីស័ក្ត ផ្តោតលើខេត្តចំនួន ៥ រួមមាន ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តសៀមរាប និងខេត្តព្រៃវែង៕

ប្រភព៖ ក្រសួងព័ត៌មាន