ទុរេនថៃ អាចគ្រប់គ្រងទីផ្សារផ្លែឈើទូទាំងពិភពលោកបាន ដោយសារតែរឿងមួយនេះ
សេដ្ឋកិច្ច May 6, 2021 Khmernote

នាយកដ្ឋានចរចាពាណិជ្ជកម្ម (DTN) បាននិយាយកាលពីថ្ងៃពុធ កន្លងទៅនេះថា ផ្លែទុរេនថៃ នៅតែជាអ្នកនាំមុខទីផ្សារនៅក្នុងប្រទេសចិនដោយសារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ។ លោកស្រី Auramon Supthaweethum អគ្គនាយក DTN បានឱ្យដឹងថា ការនាំចេញស្ដេចផ្លែឈើរបស់ថៃ (ទុរេន) ក្នុងត្រីមាសទី១ នៃឆ្នាំនេះទៅកាន់ប្រទេសចិនមានតម្លៃ ១៨៦ លានដុល្លារអាមេរិក កើនឡើង ១៤% ពីមួយឆ្នាំទៅមួយឆ្នាំបន្ទាប់មកហុងកុង (១៤ លានដុល្លារ) និងវៀតណាម (១០ លានដុល្លារ)។

លោកស្រីបានបន្តថា ការនាំចេញផ្លែទុរេន ទៅប្រទេសចិនកាលពីឆ្នាំមុនមានចំនួន ១.៥ ពាន់លានដុល្លារ កើនឡើង ៧៨% ពីឆ្នាំ ២០១៩ ។ លោកស្រីក៏បានបន្ថែមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក៏បានជួយប្រទេសថៃទទួលបានអត្ថប្រយោជន៍នៅក្នុងទីផ្សារអន្តរជាតិផងដែរ។

ជាក់ស្ដែង ក្រៅពីប្រទេសអាស៊ានទាំង ៩ រួមមាន ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរីនិងវៀតណាម ពន្ធនាំចូលសម្រាប់ទុរេនថៃ ក៏ត្រូវបានលើកលែងនៅប្រទេសចិន ហុងកុង អូស្ត្រាលី ញូវហ្សេឡេន ជប៉ុន ឥណ្ឌា ឈីលី និងប៉េរូផងដែរ។

ទន្ទឹមនឹងនេះ លោកស្រី Auramon បន្តថា ក្រោមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ប្រទេសថៃអាចស្នើសុំឱ្យកូរ៉េខាងត្បូងកាត់បន្ថយពន្ធនាំចូលលើផ្លែទុរេនបន្តិចម្តង រហូតឈានដល់សូន្យ។ លោកស្រីក៏រំពឹងផងដែរថា តម្រូវការសម្រាប់ផ្លែឈើកែច្នៃដូចជា ផ្លែឈើស្ងួតនឹងកើនឡើងដោយសារតែអតិថិជនកាន់តែច្រើន កំពុងជ្រើសរើសអាហារសម្រន់ដែលផ្ដល់នៅសុខភាពល្អ៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand