សម្រស់ថ្មី លើទឹកដីវ័យចំណាស់! គម្រោងរៀបចំកម្រាលថ្មស្ពានហាល មុខប្រាសាទអង្គរវត្តនឹងបញ្ចប់ជាស្ថាពរនៅឆ្នាំ២០២១នេះ ដែលធ្វើឱ្យអង្គរកាន់តែស្រស់ស្អាត
ទេសចរណ៍ May 5, 2021 Khmernote

គម្រោងរៀបចំកម្រាលថ្មស្ពានហាល មុខប្រាសាទអង្គរវត្ត នឹងបញ្ចប់ជាស្ថាពរនៅក្នុងឆ្នាំ២០២១នេះ ដើម្បីជួយលើក កម្ពស់សោភ័ណភាពអង្គរឲ្យកាន់តែស្រស់ស្អាតបន្ថែមទៀត។ អ្នកយកព័ត៌មានយើងប្រចាំខេត្តសៀមរាបធ្វើសេចក្តីរាយការណ៍ឲ្យដឹងថា ស្ពានហាលនេះ គឺជាផ្លូវចេញចូលដ៏សំខាន់នៃប្រាសាទអង្គរវត្ត ដែលជាប្រាសាទមួយប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅសម្រាប់ប្រជាជាតិខ្មែរ ព្រោះជានិមិត្តរូបជាតិ ជាស្នាដៃស្ថាបត្យកម្ម និងវិស្វកម្ម ដ៏កំពូលរបស់បុព្វបុរសខ្មែរនាសម័យនោះ។

គម្រោងរៀបចំកម្រាលថ្មស្ពានហាល មុខប្រាសាទអង្គរវត្តមានប្រវែង ៩០ម៉ែត្រ ដែលជាស្រទាប់ខាងលើនៃស្ពានហាល ប្រាសាទអង្គរវត្ត នឹងរៀបរួចរាល់នាពេលខាងមុខដ៏ខ្លី ដើម្បីឲ្យភ្ញៀវទេសចរអាចធ្វើដំណើរដើរឆ្លងកាត់ឡើងវិញ។

លោក សយ ច័ន្ទនោឫទ្ធិ ស្ថាបត្យករនៃគម្រោងជួសជុលស្ពានហាលខាងមុខប្រាសាទអង្គរវត្ត បានឲ្យដឹងថា ទោះបីជាបច្ចុប្បន្ននេះកម្ពុជា បានរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ តែក្រុមការងារនៅតែបន្តសកម្មភាពជួសជុលស្ពានហាលខាងមុខប្រាសាទអង្គរវត្តដើម្បីការងារ អភិរក្ស និងធានាសុវត្តិភាពភ្ញៀវទេសចរដែលមកទស្សនាប្រាសាទអង្គរវត្ត។ លោកបន្តថា ចំពោះការងារពង្រឹងគ្រឺះរបស់ស្ពាន សម្រេចបាន ជិត១០០ភាគរយហើយ តែក្នុងនោះក្រុមការងារកំពុងបន្តរៀបចំកម្រាលការងាររៀបចំគ្រឹះខាងក្រោម និងការងារស្រាវជ្រាវនៅផ្នែក កំពង់ទឹក ដោយរំពឹងថានឹងរួចរាល់នៅត្រឹមឆ្នាំ២០២១នេះ បើមិនមានអ្វីរាំងស្ទះនោះទេ។

លោកបន្តទៀតថា ការងារជួសជុលស្ពានហាលនេះ ក៏ជួបប្រទះបញ្ហាប្រឈមខ្លះដែរ ដោយសារវិបត្តិនៃជំងឺកូវីដ-១៩ តែយ៉ាងណា ក្រុមការងារនៅតែខិតខំប្រឹងប្រែង ដើម្បីឲ្យការងារនេះ បញ្ចប់បានតាមផែនការគ្រោងទុក។

«ក្នុងឆ្នាំហ្នឹងយើងនៅតែបន្តការងារ សម្រាប់ការងារពង្រឹងគ្រឹះយើងសម្រេចបានស្ទើតែ១០០ភាគរយហើយ យើងនៅតែបន្តការងាររៀបចំកម្រាល និងការងាររៀបចំគ្រឹះខាងក្រោម និងការងារស្រាវជ្រាវបន្តនៅផ្នែកកំពង់ទឹក សម្រាប់ការងារកម្រាលយើងសម្រេចបានជាង៩០ភាគរយហើយ នៅសល់មួយផ្នែកទៀតដែលយើងរង់ចាំ ការចាក់ពង្រឹង គ្រឺះតភ្ជាប់ទៅកំពង់ទឹក ហើយនិងបុកដី រៀបកម្រាលបន្តអាចនឹងហើយក្នុងឆ្នាំហ្នឹង ហើយការងាររៀបចំគ្រឹះខាងក្រៅ យើងនឹងបន្តទៀត ក្រោយពេលយើងពង្រឹងគ្រឹះខាងក្នុង ដើម្បីធ្វើខាងក្រៅបានយើងពង្រឹងខាងក្នុងឲ្យរឹងមាំសិន ដោយឃើញស្រាប់ហើយ ជញ្ជាំងហើយពុក ផ្នែកខាងក្រៅខ្លាំង អ៊ីចឹងយើងពង្រឹងគ្រឹះខាងក្នុងសិន ការងាររៀបចំជណ្តើរនិងពង្រឹងគ្រឹះខាងក្រៅបានប្រហែល៨០ទៅ៩០ភាគរយដូចគ្នា ក្រោយពេលបញ្ចប់ការពង្រឹងគ្រឹះខាងក្នុង ក្នុងអំឡុងខែមេសាឬខែឧសភាយើងនឹងទៅពង្រឹងគ្រឹះខាងក្រៅបន្តទៀត»។

សូមជម្រាបផងដែរថា នៅឆ្នាំ១៩៩៦ ប្រទេសជប៉ុនតាមរយៈសាកលវិទ្យាល័យសូហ្វីយ៉ា បានចាប់ផ្ដើមគម្រោងជួសជុលស្ពានហាល ជាដំណាក់កាលដំបូងរបស់ខ្លួនដោយសហការជាមួយអាជ្ញាធរអប្សរា និងបានបញ្ចប់នៅឆ្នាំ២០០៧ ដែលមានប្រវែង១០០ម៉ែត្រ។ គម្រោងជួសជុលក្នុងដំណាក់កាលទី២នេះ គឺជាគម្រោងកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យសូហ្វីយ៉ា និងអាជ្ញាធរជាតិអប្សរា ចាប់ផ្តើមពីពាក់កណ្ដាលឆ្នាំ២០១៦មក ដើម្បីបង្ហើយផ្នែកដែលនៅសល់ប្រវែង៩០ម៉ែត្រនិងកំពង់ទឹក ហើយគ្រោងនឹងបញ្ចប់ក្នុងឆ្នាំ ២០២១នេះ៕

ប្រភព៖ ក្រសួងព័ត៌មាន​