វៀតណាម វ៉ាដាច់ប្រទេសចិន ក្នុងនាមជាអ្នកនាំចេញគ្រឿងសង្ហារឹមធំជាងគេទៅកាន់សហរដ្ឋអាមេរិក
សេដ្ឋកិច្ច May 5, 2021 Khmernote

ប្រទេសវៀតណាមបានវ៉ាដាច់ប្រទេសចិន ក្នុងនាមជាអ្នកនាំចេញគ្រឿងសង្ហារឹមធំជាងគេទៅកាន់សហរដ្ឋអាមេរិក ខណៈដោយសារពន្ធនាំឱ្យអ្នកផលិតចាកចេញពីប្រទេសដែលមានសេដ្ឋកិច្ចធំទី ២ លើពិភពលោក។ យោងតាមការចុះផ្សាយរបស់ vnexpress ប្រទេសវៀតណាមបាននាំចេញគ្រឿងសង្ហារឹមដែលមានតម្លៃ ៧.៤ ពាន់លានដុល្លារទៅសហរដ្ឋអាមេរិកកាលពីឆ្នាំមុន បើប្រៀបធៀបទៅនឹងប្រទេសចិនដែលមានចំនួន ៧.៣ ពាន់លានដុល្លារ នេះបើតាមទិន្នន័យពីទស្សនាវដ្តីគ្រឿងសង្ហារឹមអាមេរិក។ ចំនួននេះបានកើនឡើង ៣១% ពីមួយឆ្នាំទៅមួយឆ្នាំ សម្រាប់ប្រទេសវៀតណាម ខណៈដែលប្រទេសចិនបានធ្លាក់ចុះ ២៥%។

ប្រភពដដែលបានបន្តឱ្យដឹងថា ការផ្លាស់ប្តូរនេះបានកើតឡើងក្នុងរយៈពេលពីរឆ្នាំកន្លះជាមួយសហរដ្ឋអាមេរិក ដែលបានដាក់ពន្ធគយខ្ពស់ដល់ទៅ ២៥% លើគ្រឿងសង្ហារឹមស្ទើរតែទាំងអស់មកពីប្រទេសចិន ដែលជំរុញឱ្យក្រុមហ៊ុនផលិតចិនត្រូវដើរចេញ។

គួរបញ្ជាក់ផងដែរថាសហរដ្ឋអាមេរិក គឺជាទីផ្សារនាំចេញធំបំផុតរបស់វៀតណាមក្នុងរយៈពេល ៤ ខែដំបូងក្នុងតម្លៃ ៣០.៣ ពាន់លានដុល្លារ កើនឡើង ៥០% បន្ទាប់មកទៀតចិនមាន ១៦.៨ ពាន់លានដុល្លារកើនឡើង ៣២.៤% ៕

អត្ថបទ៖ លីនី
ប្រភព៖​ vnexpress