បើកឆាកខែថ្មីភ្លាម កម្ពុជាទទួលបានគម្រោងវិនិយោគតូចធំចំនួន ៦ មានទាំងសណ្ឋាគារផ្កាយ ៥ រោងចក្រផលិតឱសថ និងរោងចក្រកែច្នៃម្ហូបអាហារ
សេដ្ឋកិច្ច May 5, 2021 Khmernote

បើទោះបីជាប្រទេសកម្ពុជាកំពុងត្រូវបាន​វាយលុកដោយវីរុសកូវីដ-១៩ ដែលបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់វិស័យសំខាន់ៗនៅក្នុងប្រទេសដូចជា សេដ្ឋកិច្ចជាដើមក៏ដោយក្ដី ក៏កម្ពុជានៅតែទទួលបានគម្រោងវិនិយោគពីក្រុមហ៊ុនបរទេសឥតឈប់ឈរ។ ជាក់ស្ដែង យោងតាមផេកផ្លូវការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា (CDC) មុននេះបន្តិចបានឲ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន ៦ ដែលមានទុនវិនិយោគសរុប ១០៦.៣ លានដុល្លារ និងបង្កើតការងារដល់ប្រជាពលរដ្ឋក្នុងប្រទេសចំនួន ១,៨៥២ កន្លែង ដូចខាងក្រោម៖

១-YIANKANG BIOLOGICAL TECHNOLOGY CO., LTD : គម្រោងបង្កើតរោងចក្រកែច្នៃម្ហូបអាហារ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ២,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២១០កន្លែង។

២-OCEAN TREASURE DYEING & PRINTING CO., LTD : គម្រោងបង្កើតរោងចក្របោកគក់ ជ្រលក់ពណ៌ និងបោះពុម្ព ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្រាំងទ្រា ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២១៨កន្លែង។

៣- LESSO (CAMBODIA) TRADING CO., LTD : គម្រោងបង្កើតរោងចក្រផលិតបំពង់ទីប ទុយោជ័រ និងបរិក្ខារបំពង់ជ័រ (PVC pipe fittings) គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃរកានិងភូមិត្រពាំងជូន ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៩,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២០១កន្លែង។

៤-SANTELYS PHARMACEUTICAL CO., LTD : គម្រោងបង្កើតរោងចក្រផលិតឱសថ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានទុនវិនិយោគចំនួន ១២,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២១៥កន្លែង។

៥- KUANTECH (CAMBODIA) INTERNATIONAL CO., LTD: គម្រោងបង្កើតរោងចក្រផ្គុំដំឡើងគ្រឿងអេឡិចត្រូនិកគ្រប់ប្រភេទ គ្រឿងបន្លាស់អេឡិចត្រូនិក ម៉ាស់អេឡិចត្រូនិក និងឧបករណ៍បន្សុទ្ធខ្យល់ គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ២៩,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦២៨កន្លែង។

៦-JIN BEI PALACE CO., LTD : គម្រោងសាងសង់និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន១៩៥បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៤៨,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៨០កន្លែង។

អត្ថបទ៖ លីនី