រោងចក្រ និងសហគ្រាស នៅក្នុងតំបន់លឿងជិត១០០ បានបើកដំណើរការឡើងវិញហើយ ក្រោយត្រូវផ្អាកបណ្ដោះអាសន្ន
សេដ្ឋកិច្ច May 5, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន កាលពីថ្ងៃទី០៤ ខែឧសភា នេះ បានឱ្យដឹងថា​ យ៉ាងហោចណាស់ រោងចក្រនិងសហគ្រាសចំនួន ៩៥ បានចាប់ផ្តើមផលិតកម្មរបស់ខ្លួនឡើងវិញ បន្ទាប់ពីរាជធានីភ្នំពេញ និងទីប្រជុំជនតាខ្មៅ ខេត្តកណ្តាល ត្រូវបានបែងចែកទៅជាតំបន់ក្រហម លឿងទុំ និងលឿង។

លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា រោងចក្រដែលកំពុងបើកដំណើរការឡើងវិញគឺស្ថិតនៅក្នុងតំបន់លឿង ក្នុងនោះកម្មករចំនួន ១៥,០០០ នាក់បានបន្តការងាររបស់ពួកគេវិញហើយ។ លោកក៏បានបន្ថែមថា ការបន្តខ្សែសង្វាក់ផលិតកម្មនៅក្នុងរោងចក្រនិងសហគ្រាស គឺជាសញ្ញាដ៏ល្អមួយនៅក្នុងវិស័យផលិតកម្ម ទោះបីជាការរីករាលដាលនៃជំងឺឆ្លង Covid-19 មិនទាន់ចប់នៅឡើយក្ដី។

ទន្ទឹមនឹងនោះ អ្នកនាំពាក្យក្រសួងការងាររូបនេះបានបញ្ជាក់ផងដែរថា រហូតដល់ទៅ ៥០ ភាគរយនៃកម្មករអាចបន្តការងាររបស់ពួកគេឡើងវិញ ហើយចំនួនដែលនៅសល់ នៅតែរងផលប៉ះពាល់ដោយការចាក់សោរនៅតំបន់ក្រហម និងលឿងទុំ។ គួរឱ្យដឹងថា ថ្មីៗនេះរដ្ឋាភិបាល និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានអំពាវនាវដល់អ្នកបញ្ជាទិញអន្តរជាតិ ឲ្យយល់ដឹងអំពីភាពយឺតយ៉ាវនៃការដឹកជញ្ជូនទំនិញ ខណៈរោងចក្រនិងសហគ្រាសបានបិទផលិតកម្មរបស់ពួកគេជាបណ្តោះអាសន្ន ដើម្បីគោរពវិធានការទប់ស្កាត់របស់រដ្ឋាភិបាល៕

ប្រភព៖ ក្រសួងព័ត៌មាន