លោក Joe Biden មានបំណងចាក់វ៉ាក់សាំងឱ្យបាន ៧០% សម្រាប់មនុស្សពេញវ័យនៅអាមេរិកត្រឹមថ្ងៃទី ៤ ខែកក្កដា នេះ ក្រោយសម្រេចគោលដៅទី១ នៃការធ្វើឱ្យប្រទេសដំណើរការដូចដើមវិញ
សេដ្ឋកិច្ច May 5, 2021 Khmernote

ប្រធានាធិបតីអាមេរិក Joe Biden បានមានប្រសាសន៍ថា គាត់ចង់ឱ្យមនុស្សពេញវ័យនៅអាមេរិកចំនួន ៧០% ត្រូវបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 យ៉ាងហោចណាស់បានដូសទី១ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១នេះ។ យោងតាមតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន NHK​ បានឱ្យដឹងថា លោក Biden បានបង្ហាញគោលដៅនៅថ្ងៃអង្គារ ម្សិលមិញនេះ រួមជាមួយគោលបំណងដើម្បីទទួលបានការចាក់វ៉ាក់សាំងការពារមនុស្សពេញវ័យចំនួន ១៦០ លាននាក់នៅថ្ងៃតែមួយ ដែលជាថ្ងៃឈប់សម្រាកថ្ងៃបុណ្យឯករាជ្យជាតិ។

ជាមួយគ្នានោះដែរ លោកប្រធានាធិបតី ក៏បានប្រកាសពីការខិតខំ ដើម្បីបង្កើនចំនួនកន្លែងសម្រាប់ការចាក់វ៉ាក់សាំង ក៏ដូចជាការជំរុញគ្លីនិក និងអង្គភាពចល័តនៅតាមតំបន់ជនបទ។ ខណៈលោក កំពុងព្យាយាមបញ្ចុះបញ្ចូលជនជាតិអាមេរិកឱ្យចាក់វ៉ាក់សាំងបន្ថែមទៀត ដោយលើកឡើងថា ការចាក់វ៉ាក់សាំងជាជម្រើសនៃជីវិត និងការស្លាប់។

FILE PHOTO: Workers administer coronavirus disease (COVID-19) vaccines at a mass vaccination site at Lumen Field Event Center in Seattle, Washington, U.S. March 13, 2021. REUTERS/Lindsey Wasson

ប្រធានាធិបតីអាមេរិករូបនេះបានមានប្រសាសន៍ដូច្នេះថា៖ « ការទទួលបានការចាក់ថ្នាំបង្ការរោគនឹងជួយប្រជាជន និងមនុស្សជាទីស្រលាញ់របស់ពួក គេឱ្យមានសុវត្ថិភាព អាចបើកអាជីវកម្មឡើងវិញ និងធ្វើឱ្យប្រទេសមានដំណើរការដូចដើមវិញ »។ គួរឱ្យដឹងផងដែរថា លោក Joe Biden កាលពីពេលថ្មីៗនេះ ទើបតែសំរេចគោលដៅរបស់ខ្លួនក្នុងការចាក់វ៉ាក់សាំងចំនួន ១០០លានដូសដល់ប្រជាជន ដើម្បីផ្លាស់ប្តូរជីវិតនៅអាមេរិកឱ្យប្រសើរឡើង។ ជាមួយគ្នានេះ បើតាមមជ្ឍមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺបាននិយាយថា គិតត្រឹមថ្ងៃច័ន្ទ ៥៦.៣% នៃអ្នកដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅនៅសហរដ្ឋអាមេរិក បានទទួលវ៉ាក់សាំងយ៉ាងហោចណាស់មួយដង៕

អត្ថបទ៖ លីនី
ប្រភព៖ nhk