រដ្ឋាភិបាលថៃ កំណត់ឱ្យប្រើប្រាស់ការធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃឡើងវិញ ចំពោះអ្នកចូលមកក្នុងប្រទេស សូម្បីតែអ្នកចាក់វ៉ាក់សាំងរួចក៏ដោយ
ទេសចរណ៍ May 3, 2021 Khmernote

យោងតាមក្រសួងការបរទេសថៃ បានឱ្យដឹងកាលពីថ្ងៃសុក្រកន្លងទៅនេះថា រដ្ឋាភិបាលថៃ បានកំណត់វិធានការទប់ស្កាត់វីរុសរាតត្បាតដោយប្រើប្រាស់ការធ្វើចត្តាឡីស័កឡើងវិញ ពោលគឺ ជនបរទេសដែលមានបំណងចូលប្រទេសថៃចាប់ពីថ្ងៃទី ៦ ខែឧសភា តទៅនឹងត្រូវឆ្លងកាត់ការដាក់នៅដាច់ដោយឡែកពីគ្នារយៈពេល ១៤ ថ្ងៃ បើទោះបីជាពួកគេមានវិញ្ញាបនប័ត្រនៃការចូល (COE) ដែលចេញដោយស្ថានទូតថៃ ឬ ស្ថានកុងស៊ុលក៏ដោយ។

អ្នកនាំពាក្យក្រសួងការបរទេសលោក Thani Saengrat បានមានប្រសាសន៍ថា៖ “ វិធានការនេះត្រូវបានអនុម័តដោយមជ្ឈមណ្ឌលសម្រាប់ស្ថានភាព Covid-19 ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ” ។ ជាក់ស្ដែងក្នុងអំឡុងពេលនៃការដាក់ឱ្យនៅដាច់ពីគ្នា ជនបរទេសនឹងមិនត្រូវបានអនុញ្ញាតឱ្យចាកចេញពីបន្ទប់របស់ពួកគេទេ លើកលែងតែការធ្វើតេស្តរកវីរុស Covid-19 ដែលត្រូវបានធ្វើឡើងចំនួនបីដងក្នុងអំឡុងពេលនៃការដាក់នៅដាច់ដោយឡែកពីគ្នា ឬ សម្រាប់ករណីសង្គ្រោះបន្ទាន់ណាមួយ។

លោក Thani បានបន្ថែមទៀតថា អ្នកដែលមាន (COE) ត្រូវបានចេញមុនថ្ងៃទី ០១ ខែឧសភា និងអ្នកដែលមកដល់ប្រទេសថៃក្នុងកំឡុងថ្ងៃទី ១-៥ ខែឧសភា នឹងត្រូវ​ធ្វើចត្តាឡីស័ក្កដោយយោងទៅតាមវិធានការណ៍ដែលបានប្រកាសនៅក្នុងខែមេសា ដែលមានដូចជា៖

– អ្នកដែលបានចាក់វ៉ាក់សាំងនឹងត្រូវដាក់នៅដាច់ដោយឡែករយៈពេល ៧ ថ្ងៃ។

– ប្រជាជនដែលធ្វើដំណើរមកពីប្រទេសនានាដែលមិនមានរបាយការណ៍អំពីការឆ្លងវីរុសប្រភេទថ្មីនៃវីរុស Covid-19 នឹងត្រូវដាក់នៅដាច់ដោយឡែកក្នុងរយៈពេល ១០ ថ្ងៃ។

– អ្នកដែលមកពីប្រទេសដែលមានរបាយការណ៍អំពីការឆ្លងវីរុសប្រភេទថ្មីនៃវីរុស Covid-19 នឹងត្រូវដាក់ដោយឡែកក្នុងរយៈពេល ១៤ ថ្ងៃ។

លើសពីនេះលោកបានបន្ថែមថា “ ទន្ទឹមនឹងនេះអ្នកដែលមាន (COE) ត្រូវបានចេញបន្ទាប់ពីថ្ងៃទី ១ ខែឧសភា នឹងត្រូវដាក់នៅដាច់ដោយឡែកពីគ្នារយៈពេល ១៤ ថ្ងៃ បើទោះបីជាពួកគេត្រូវបានចាក់វ៉ាក់សាំងប្រឆាំងនឹង Covid-19 ក៏ដោយ”៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand