ក្នុងខែមេសានេះ ចាប់រថយន្តដឹកលើសទម្ងន់ចំនួន ១៦១គ្រឿង និងពិន័យជាថវិកាបានជាង ២០០លានរៀល
សេដ្ឋកិច្ច April 29, 2021 Khmernote

ក្នុងខែមេសានេះ គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត និងដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់រថយន្តដឹកលើសទម្ងន់ចំនួន១៦១ គ្រឿង និងពិន័យជាថវិកាបានជាង២០០លានរៀល។ លេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត និងដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានបញ្ជាក់នៅថ្ងៃទី២៩ ខែមេសានេះថា ចំនួនដឹកល្មើសបានថយចុះ៤៣ ភាគរយ ឬស្មើរថយន្ត ១២២គ្រឿងបើប្រៀបធៀបទៅនឹងខែ មីនាកន្លងទៅ ដែលមាន ចំនួន២៨៣គ្រឿង ។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្តក្រើនរំឭកដល់ម្ចាស់រថយន្តដឹកទំនិញទាំងអស់ ឱ្យយល់ដឹងពីការបង្កផលប៉ះពាល់ដែលបណ្តាលមកពីការដឹកជញ្ជូនលើសទម្ងន់ គឺបានបំផ្លាញផ្លូវជាតិ នាំឱ្យខាតបង់ថវិកាជាតិ ព្រមទាំងបង្កនូវគ្រោះថ្នាក់ប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណៈ និងជីវិតមនុស្សផងដែរ។

តាមការបញ្ជាក់របស់ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍នគណៈកម្មាធិការដឹកនាំត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នាពេលកន្លងមកបានឱ្យដឹងថា ការដែល នៅបន្តមានការដឹកលើសទម្ងន់កំណត់នេះ គឺដោយសារមានផ្លូវវាងច្រើនដែលជាហេតុធ្វើឱ្យរថយន្តល្មើសអាចគេចវាងពីស្ថានីយជញ្ជីងបាន។

ទន្ទឹមគ្នានេះ ក៏មានឧបសគ្គដោយមានរថយន្តប្រើប្រាស់សញ្ញាសម្គាល់(LOGO) ដោយមានការអន្តរាគមន៍ និងគំរាមកំហែងដល់មន្ត្រីប្រចាំការ នៅតាមស្ថានីយជញ្ជីងអចល័ត។ សូមបញ្ជាក់ថា បច្ចុប្បន្ន នៅទូទាំងប្រទេសមានស្ថានីយថ្លឹងយានយន្តសរុប ២៨កន្លែង មានដូចជានៅតាមផ្លូវជាតិលេខ១ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៧ ជាដើម៕

ប្រភព៖ ក្រសួងព័ត៌មាន