ថៃ អនុម័តថវិការាប់រយលានបាត ដើម្បីទិញវ៉ាក់សាំងពីក្រុមហ៊ុន Sinovac Biotech របស់ប្រទេសចិន
សេដ្ឋកិច្ច April 28, 2021 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand បានឲ្យដឹងថា គណៈរដ្ឋមន្រ្តីកាលពីថ្ងៃអង្គារ បានអនុម័តថវិកាជាង ៣២១ លានបាត ដើម្បីទិញវ៉ាក់សាំងចំនួន ៥០០,០០០ បន្ថែមទៀត ពីក្រុមហ៊ុន Sinovac Biotech Co Ltd របស់ប្រទេសចិន។ ទឹកប្រាក់សរុបចំនួន ៣២១.៦០៤ លានបាតត្រូវបានទុកសម្រាប់ការបញ្ជូនថ្នាំវ៉ាក់សាំង ខណៈប្រទេសថៃកំពុងប្រយុទ្ធនឹងរលកទី៣ ដែលកំពុងរាតត្បាត និងធ្វើឲ្យករណីឆ្លងប្រចាំថ្ងៃកើនឡើងលើសពី ២០០០ ករណី។

ជាមួយគ្នានេះដែរ បើតាមអ្នកនាំពាក្យរដ្ឋាភិបាលលោក Anucha Burapachaisri បានឱ្យដឹងថា ថវិកានេះនឹងត្រូវបែងចែកដោយថវិកា ២៧១.២៥ លានបាត នឹងប្រើដើម្បីទិញវ៉ាក់សាំង ថវិកាចំនួន ១៨៨,៩៩ លានបាតសម្រាប់ពន្ធបន្ថែម និង ៣១,៣៦ លានបាតសម្រាប់ការគ្រប់គ្រងវ៉ាក់សាំងនៅថ្នាក់តំបន់។

គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃអាទិត្យមានប្រជាជនថៃតែ ១.៣៩ ភាគរយប៉ុណ្ណោះ ដែលបានទទួលការចាក់វ៉ាក់សាំងសូសទី១ នេះបើយោងតាមរបាយការណ៍ដែលមានឈ្មោះថា “Our World in Data” នៅសាកលវិទ្យាល័យ Oxford ។ ការស្រាវជ្រាវបានបង្ហាញថា ៦០-៧០ ភាគរយនៃចំនួនប្រជាជន ត្រូវតែមានអង្គបដិប្រាណ Covid-19 ដើម្បីឈានទៅរកភាពស៊ាំនៅក្នុងខ្លួន៕

អត្ថបទ៖ លីនី
ប្រភព៖nationthailand