ភូកេត តំបន់ទេសចរណ៍ល្បីរបស់ថៃ នៅតែគ្រោងបើកឡើងវិញនៅខែកក្កដានេះ បើទោះបីជារលកថ្មីរាតត្បាតក្នុងប្រទេសឥតឈប់
ទេសចរណ៍ April 28, 2021 Khmernote

កោះភូកេត នឹងបើកដំណើរការឡើងវិញសម្រាប់ភ្ញៀវទេសចរបរទេសតាមការគ្រោងទុកនៅខែកក្កដានេះ នេះបើតាមសម្តីរបស់លោកឧបនាយករដ្ឋមន្ត្រី Supattanapong Punmeechaow ដែលបានបញ្ជាក់តាមរយៈហ្វេសប៊ុកកាលពីថ្ងៃអង្គារ។ ស្ថិតក្រោមគម្រោង «Phuket sandbox » ទេសចរបរទេសដែលបានទទួលវ៉ាក់សាំង Covid-19 ចំនួនពីរដូសរួច នឹងត្រូវបានអនុញ្ញាតឱ្យទៅទស្សនាកោះនេះចាប់ពីថ្ងៃទី១ ខែកក្កដាដោយមិនមានការដាក់ឲ្យនៅដាច់ដោយឡែកពីគ្នា។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានបន្ថែមផងដែរថា បន្ទាប់ពីបើកនៅភូកេតរួច គ្រោងការណ៍នេះនឹងត្រូវបានពង្រីកទៅដល់ខេត្ត Krabi, Phang Nga, Koh Samui, Pattaya និង Chiang Mai នៅខែតុលា មុនពេលប្រទេសនេះបើកដំណើរការជាថ្មីនៅថ្ងៃទី១ ខែមករាឆ្នាំ ២០២២ ។

លើសពីនេះ លោក Supattanapong ដែលជារដ្ឋមន្រ្តីក្រសួងថាមពលបានបញ្ជាក់ ពីកាលវិភាគសម្រាប់ការបើកដំណើរការឡើងវិញ គឺនៅតែស្ថិតនៅលើផែនការដែលបានគ្រោងទុក ស្របពេលមានការជឿជាក់ថាប្រជាជនចំនួន ៥០ លាននាក់នៃប្រជាជន ៧០ លាននាក់របស់ប្រទេសថៃ នឹងត្រូវបានទទួលថ្នាំបង្ការនៅឆ្នាំនេះ៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand