ធនាគារអភិវឌ្ឍន៍អាស៊ី ព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជា នឹងងើបឡើងវិញក្នុងឆ្នាំ២០២១នេះ ហើយកើនខ្ពស់ក្នុងឆ្នាំ២០២២ ដែលមានកំណើន៥,៥ភាគរយ
សេដ្ឋកិច្ច April 28, 2021 Khmernote

យោងតាមប្រភពពី ក្រសួងព័ត៌មាន បានឲ្យដឹងថា សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករណ៍ថានឹងកើនឡើង ៤,០ភាគរយ នៅឆ្នាំ២០២១នេះ និង ៥,៥ភាគរយ ក្នុងឆ្នាំ២០២២ខាងមុខ ដោយសារការ ងើបឡើងវិញ នៃសេដ្ឋកិច្ចប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗ ដែលជួយជំរុញតម្រូវការ សម្រាប់ការនាំចេញរបស់ប្រទេសកម្ពុជា។ នេះបើយោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ីចេញផ្សាយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ។

លោកស្រី Sunniya Durrani-Jamal នាយិកាប្រចាំប្រទេសកម្ពុជានៃធនាគារអភិវឌ្ឍន៍ អាស៊ី (ADB) បានមានប្រសាសន៍ថា “សេដ្ឋកិច្ចកម្ពុជាបានធ្លាក់ចុះ ៣,១ភាគរយ ក្នុងឆ្នាំ ២០២០ ដោយសារការរាតត្បាតជាសកល នៃជំងឺកូវីដ ១៩។ រាជរដ្ឋាភិបាលបានឆ្លើ យតប យ៉ាងឆាប់រហ័ស ចំពោះករណីថ្មីៗដែលបានកើតឡើង ហើយយើងរំពឹង ថាសេដ្ឋកិច្ចនឹងវិល ត្រឡប់ មករកកំណើនវិញក្នុងឆ្នាំ ២០២១នេះ”។ លោកស្រីបានបញ្ជាក់ថា កំណើននេះ នឹងជួយ បង្កើនប្រាក់ចំណូលគ្រួសារ ប៉ុន្តែមិនមែនគ្រប់វិស័យនិងតំបន់ទាំងអស់ នឹងទទួលបាន ប្រយោជន៍ នេះស្មើគ្នានោះទេ ដូច្នេះ ចាំបាច់ណាស់ ក្នុងការតាមដានមើលជីវភាពគ្រួសារ ទាំង ឡាយ ក៏ដូចជាតម្រូវការគាំទ្របន្ថែម ឱ្យបានដិត ដល់។

យោងតាមរបាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ២០២១បានឱ្យដឹងថា ផលិតកម្មឧស្សាហកម្មត្រូវ បានគេរំពឹងថានឹងកើនឡើង ៧,១ភាគរយ ក្នុងឆ្នាំ ២០២១ និង ៧,០ភាគរយ នៅឆ្នាំ ២០២២ ដោយសារការសងើបឡើងវិញនៃវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងទំនិញសម្រាប់ការធ្វើដំណើរ ក៏ដូចជាកំណើន នៃ ឧស្សហកម្មធនស្រាល ផ្សេង ទៀត ដូចជាផលិតផលអេឡិចត្រូនិក និងកង់។ ទន្ទឹមនេះ វិស័យកសិកម្ម ត្រូវបានរំពឹង ថា នឹងកើនឡើង ១,៣ភាគរយ ក្នុងឆ្នាំ ២០២១ និង ១,២ភាគរយ ក្នុងឆ្នាំ ២០២២ ដោយ មាន ការ កើនឡើងនៃ ផលិតកម្មកសិផល បន្ទាប់ពីរងការខូចខាត ដោយទឹកជំនន់កាលពីឆ្នាំមុន ការ បន្ត មានកំណើននៃ វារីវប្បកម្ម និងការហក់ឡើង នៃការនាំចេញផលិតផលកសិកម្ម ទៅកាន់ សាធារណរដ្ឋប្រជាមានិតចិន។

ជាមួយគ្នានេះ វិស័យសេវាកម្មនឹងស្ទុះងើបឡើងវិញក្នុង ល្បឿនយឺតៗ ពោលគឺប្រមាណ ៣,៣ភាគរយ ក្នុងឆ្នាំ ២០២១ ទៅ ៦,២ភាគរយ ក្នុងឆ្នាំ ២០២២។ កិច្ចប្រឹងប្រែងក្នុងការគ្រប់គ្រងការផ្ទុះឡើងនៃជំងឺកូវីដ១៩ នៅក្នុងស្រុក ដែលបាន ចាប់ផ្តើមក្នុងខែកុម្ភៈឆ្នាំ ២០២១ កំពុងធ្វើឱ្យសកម្មភាពវិស័យសេវាកម្មធ្លាក់ចុះ។ ការរឹត បន្តឹងការធ្វើដំណើរ ត្រូវបានរំពឹងថានឹងនៅបន្តស្ទើរតែពេញមួយឆ្នាំក្នុងឆ្នាំ ២០២១ ដែល មានន័យថា វិស័យទេសចរណ៍ មិនត្រូវ បានរំពឹងថាអាចជួយជំរុញកំណើន ផ្នែកសេវាកម្ម នៅឆ្នាំនេះទេ។ ចំពោះវិស័យអចលន ទ្រព្យ ត្រូវបានព្យាករណ៍ថា នឹងងើបឡើងវិញ ពីការធ្លាក់ចុះកាលពីឆ្នាំមុន ដោយមាននិន្នាការស្រដៀងគ្នា ទៅនឹងឧស្សាហកម្មសំណង់។ លោកស្រី Sunniya Durrani បានបញ្ជាក់បន្ថែមថា “ល្បឿនមិនស្មើគ្នានៃការងើបឡើងវិញនៃវិស័យនានា នឹងបន្តជាសម្ពាធលើគ្រួសារ និងក្រុមហ៊ុន មួយចំនួន នៅឆ្នាំនេះ ដែលនឹងធ្វើឱ្យការងើបឡើងវិញនៃសេដ្ឋកិច្ចជារួម មានការយឺតយ៉ាវ។ ហានិភ័យចម្បងៗ សម្រាប់ចក្ខុវិស័យសេដ្ឋកិច្ចនេះ រួមមាន ការរីករាលដាលនៃការផ្ទុះឡើងនៃកូវីដ១៩ នៅតាមសហគមន៍ កំណើនសេដ្ឋកិច្ចយឺតជាងការរំពឹងទុក នៃដៃគូធុរកិច្ចសំខាន់ៗរបស់កម្ពុជា ដូចជា អាម៉េរិក និងអឺរ៉ុប ការបន្តនៃភាពទន់ខ្សោយនៃតម្រូវការក្នុងស្រុក និងបញ្ហាប្រឈមរបស់ សេវាកម្មហិរញ្ញវត្ថុ និង ធនាគារ”។

លោកស្រីបានបន្តមានប្រសាសន៍បន្ដទៀតថា រាជរដ្ឋាភិបាលចាំបាច់ ត្រូវរក្សាជំហរគោលនយោបាយសារពើពន្ធដែលគាំទ្រកំណើនសេដ្ឋកិច្ច នៅ ឆ្នាំ២០២១នេះ និងឆ្នាំក្រោយ ។

សូមបញ្ជាក់ផងដែរថា បច្ចុប្បន្ន ធនាគារអភិវឌ្ឍន៍អាស៊ី កំពុងអនុវត្តន៍គម្រោងវិនិយោគ ដែលមានតម្លៃជាង ២,១ ពាន់ លានដុល្លារ នៅកម្ពុជា។ នៅឆ្នាំ ២០២០ ធនាគារអភិវឌ្ឍន៍អាស៊ី បានអនុម័តផ្តល់ប្រាក់កម្ចី និងជំនួយ ឥតសំណងចំនួន ៤៧៧ លានដុល្លារ ហើយបាន កៀរគរ ថវិកាបន្ថែមចំនួន ២៨១,៣ លានដុល្លារ តាមរយៈសហហិរញ្ញប្បទាន សម្រាប់ប្រទេសកម្ពុជា។ ថវិការបស់ ADB ដែលត្រៀមសម្រាប់កម្ពុជាក្នុងឆ្នាំ ២០២១-២០២៣ រួមមានកម្ចី សម្បទាន ចំនួន ១,៣៥ ពាន់លានដុល្លារ និងជំនួយឥតសំណងចំនួន ៣២,៤ លាន ដុល្លារដើម្បី គាំទ្រ ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការស្តារសេដ្ឋកិច្ចជាតិ ពីការរីករាលដាលនៃជំងឺរាតត្បាត កូវីដ១៩៕ ប្រភព៖ ក្រសួងព័ត៌មាន