រដ្ឋាភិបាលជប៉ុន ផ្ដល់ជំនួយបន្ទាន់ ៣៨លានដុល្លារដល់ប្រទេសចំនួន ៣១ ដើម្បីជួយលើកកម្ពស់ការចាក់វ៉ាក់សាំង
សេដ្ឋកិច្ច April 28, 2021 Khmernote

រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ជូនប្រទេសចំនួន ៣១ នៅអាមេរិកឡាទីន និងអាហ្វ្រិកនូវទឹកប្រាក់ចំនួន ៣៨ លានដុល្លារ ជាជំនួយបន្ទាន់ដើម្បីជួយលើកកម្ពស់ការចាក់វ៉ាក់សាំងការពារមេរោគឆ្លង Covid-19។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន​ជប៉ុន NHK បានឲ្យដឹងថា ជំនួយនេះ គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ជប៉ុនក្នុងការផ្តល់ថវិកាដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីបង្កើតប្រព័ន្ធដឹកជញ្ចូនខ្សែសង្វាក់ត្រជាក់ ដើម្បីអាចឱ្យវ៉ាក់សាំងការពារមេរោគឆ្លងត្រូវបានដឹកជញ្ជូន និងរក្សាទុកនៅសីតុណ្ហភាពទាប។

ប្រភពដដែលបានបន្តថា ថវិកាទាំងនេះនឹងត្រូវចែកចាយ តាមរយៈមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ ដែលមានឈ្មោះថា​ « United Nations Children’s Fund»។ នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃអង្គារលោក Motegi Toshimitsu រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន បានប្តេជ្ញាផ្តល់ជំនួយឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

គួរេម្លឹកផងដែរថា កាលពីខែមុន រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ជំនួយបន្ទាន់ចំនួន ៤១ លានដុល្លារដល់ប្រទេសចំនួន ២៥ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីកោះប៉ាស៊ីហ្វិកផងដែរ៕

អត្ថបទ៖ លីនី
ប្រភព៖ nhk