ក្រសួងពាណិជ្ជកម្ម បញ្ជាក់ពីមូលហេតុដែលខ្លួនលក់ទំនិញជូនពលរដ្ឋនៅតំបន់ក្រហម ក្រោយមានការរិះគន់
សេដ្ឋកិច្ច April 28, 2021 Khmernote

ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ បានចេញមកបញ្ជាក់ពីមូលហេតុដែលនាំឱ្យក្រសួងលក់ ផ្គត់ផ្គង់ ដឹកជញ្ជូន និងចែកចាយស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគចាំបាច់ សម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម។ ការចេញមកបញ្ជាក់របស់ក្រសួងបានកើតមានឡើង បន្ទាប់ពីមានមតិរិះគន់មួយចំនួនជុំវិញការលក់របស់ខ្លួន ដែលអ្នកខ្លះថា ក្រសួងធ្វើមិនត្រូវតួនាទី និងអ្នកក្រសួងកំពុងដើរតួនាទីជំនួសអាជីវករជាដើម។

ក្រសួងបានចាត់ទុកការផ្សព្វផ្សាយព័ត៌មានមិនពិត និងមតិវាយប្រហារ បន្ទុចបង្អាក់សកម្មភាពរបស់ក្រសួងពាណិជ្ជកម្ម ព្រមទាំងការបង្ហោះរូបភាពមួយចំនួននៅក្នុងបណ្ដាញសង្គម ដែលមានលក្ខណៈបំភ្លៃការពិត និងច្នៃប្រឌិតព័ត៌មានបង្កឲ្យមានការភាន់ច្រលំដល់សាធារណជន បង្កចលាចលក្នុងសង្គម និងធ្វើឲ្យបាត់បង់ទំនុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាលពីសំណាក់មហាជនក្នុងបណ្តាញសង្គម និងពីប្រជាពលរដ្ឋនៅមូលដ្ឋានបិទខ្ទប់បណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងជួបប្រទះការលំបាក និងខ្វះខាតស្បៀងអាហារមូលដ្ឋាន ក្រសួងពាណិជ្ជកម្មមានកិត្តិយស។

ឆ្លើយតបការវាយប្រហារនេះ ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា ការចេញលក់ ផ្គត់ផ្គង់ ដឹកជញ្ជូន និងចែកចាយស្បៀងអាហារសម្រាប់ប្រជាពលរដ្ឋនៅតំបន់ក្រហម គឺខ្លួនធ្វើតាមការណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងពេលជំងឺនេះកំពុងរីករាលដាលខ្លាំង។

ក្រសួងបន្ថែមថា ស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគចាំបាច់ជាមូលដ្ឋានដែលលក់ផ្គត់ផ្គង់ដោយក្រសួងពាណិជ្ជកម្មក្នុងតម្លៃទាបជាងទីផ្សារ រួមមាន៖ អង្ករ មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអីវ ទឹកសុទ្ធ ឆៃប៉ូវ និងស្បៀងមួយចំនួនទៀត ដែលដាក់លក់នៅលើទីផ្សារអនឡាញរបស់ក្រសួងពាណិជ្ជកម្ម ដោយផ្តល់សេវាដឹកជញ្ជូនដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហមដោយឥតគិតថ្លៃឈ្នួល ដែលរៀបចំដោយក្រុមការងារក្រសួងពាណិជ្ជកម្មផ្ទាល់ សំដៅចូលរួមអនុវត្តឲ្យបានម៉ឺងម៉ាត់ និងត្រឹមត្រូវបំផុតនូវវិធានការការពារកូវីដ-១៩ កំណត់ដោយក្រសួងសុខាភិបាល។

ចំពោះប្រជាពលរដ្ឋក្រីក្រដែលកំពុងជួបប្រទះនូវបញ្ហាខ្វះខាតស្បៀងអាហារប្រចាំថ្ងៃចាំបាច់ជាបន្ទាន់ នៅក្នុងកំឡុងពេលនៃការបិទខ្ទប់នេះ ហើយគ្មានលទ្ធភាពទិញស្បៀងដែលលក់ផ្គត់ផ្គង់ដោយក្រសួងពាណិជ្ជកម្ម និងលក់ដោយអាជីវករឯកជន។ ក្រសួងបន្តថា ប្រជាពលរដ្ឋក្រីក្រទាំងនោះអាចជូនដំណឹងទៅគណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ ដែលហៅកាត់ថា «គ.ប.ខ.» តាមរយៈក្រុមតេឡេក្រាម (Group Telegram) «តម្រូវការបន្ទាន់នូវជំនួយស្បៀងចាំបាច់ (គ.ប.ខ.)» ដោយបញ្ជាក់ឲ្យបានច្បាស់លាស់អំពី៖ (១) ស្ថានភាពមុខរបរ (២) ស្ថានភាពគ្រួសារ (៣) ស្ថានភាពបន្ទាន់ចាំបាច់ដែលមានតម្រូវការស្បៀង (៤) ទីតាំងស្នាក់នៅ ដូចជា លេខផ្ទះ លេខផ្លូវ សង្កាត់ ខ័ណ្ឌ និង (៥) លេខទំនាក់ទំនង ដើម្បីទទួលបាននូវស្បៀងជំនួយសង្គម។ បន្ទាប់មក គណៈកម្មការ គ.ប.ខ. នឹងរៀបចំចាត់ចែងជូនតាមសំណូមពរជាបន្ទាន់ និងតាមការចាំបាច៕

ប្រភព៖ ក្រសួងព័ត៌មាន