សហរដ្ឋអាមេរិក គ្រោងនឹងបញ្ជូនវ៉ាក់សាំង AstraZeneca ចំនួន ៦០លានដូស ទៅបរទេស តែមិនទាន់កំណត់ថាឱ្យទៅប្រទេសណាខ្លះនោះទេ
សេដ្ឋកិច្ច April 27, 2021 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK បានឲ្យដឹងថា សហរដ្ឋអាមេរិកគ្រោងនឹងបញ្ជូនវ៉ាក់សាំងបង្ការកូវីដ-១៩ AstraZeneca ដែលផលិតនៅក្នុងចំនួន ៦០លានដូស ទៅបរទេសភ្លាមៗ នៅពេលដែលវ៉ាក់សាំងនេះ ត្រូវបានបញ្ជប់ការត្រួតពិនិត្យពីសុវត្ថិភាពដោយសហព័ន្ធ។ លេខាធិការសារព័ត៌មានសេតវិមានលោកស្រី Jen Psaki បានប្រាប់ក្រុមអ្នកយកព័ត៌មានកាលពីថ្ងៃច័ន្ទថា រដ្ឋាភិបាលកំពុងសំឡឹងមើលជម្រើស ដើម្បីចែកដូសនៃចាក់វ៉ាក់សាំង AstraZeneca ដែលផលិតនៅអាមេរិក ក្នុងអំឡុងពេលប៉ុន្មានខែខាងមុខនេះ។

ប្រភពដដែលបានឲ្យដឹងថា បច្ចុប្បន្នមានវ៉ាក់សាំងនៅក្នុងស្តុកប្រមាណ ១០លានដូសហើយ ខណៈចំនួនដែលនៅខ្វះ នឹងត្រូវផលិតនៅខែឧសភា និងមិថុនា។ ហើយនៅពេលដែលផលិតគ្រប់ចំនួន វ៉ាក់សាំងទាំងនោះ នឹងត្រូវដឹកជញ្ជូនទៅបរទេសបន្ទាប់ពីរដ្ឋបាលចំណីអាហារនិងឱសថអាមេរិក បញ្ជាក់ពីគុណភាពផលិតផលរបស់វ៉ាក់សាំង។

គួរឲ្យដឹងផងដែរថា ការអំពាវនាវឱ្យមានការចែកចាយវ៉ាក់សាំងដោយយុត្តិធម៌កំពុងកើនឡើង នៅតាមតំបន់ផ្សេងៗទៀតនៃពិភពលោកដោយសារប្រទេសជាច្រើនត្រូវបានទុកចោលដោយគ្មានលទ្ធភាពទទួលបាននូវដូសចាំបាច់។

ជាមួយគ្នានេះដោយសំដៅទៅលើប្រទេសណា ដែលនឹងទទួលវ៉ាក់សាំង AstraZeneca នេះ លោកស្រី Psaki បាននិយាយថា រដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងស្ថិតនៅក្នុងដំណើរការរៀបចំផែនការនៅពេលនេះ។ ដោយកាលពីខែមុនលោកស្រីបានប្រាប់អ្នកយកព័ត៌មានថារដ្ឋាភិបាលកំពុងពិចារណាដឹកជញ្ជូនវ៉ាក់សាំងទៅម៉ិកស៊ិក និងកាណាដា៕

អត្ថបទ៖ លីនី
ប្រភព៖ nhk