អាជ្ញាធរទេសចរណ៍ថៃកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ បានចុះផ្សាយនៅលើគេហទំព័ររបស់ខ្លួននូវបញ្ជីតំបន់ទេសចរណ៍ចំនួន ១៥៣ កន្លែងនៅក្នុងខេត្តចំនួន ២១ ទូទាំងប្រទេស ដែលត្រូវបានបិទជាបណ្តោះអាសន្នដោយសារតែរលកថ្មីនៃ Covid-19 ដែលកំពុងរាតត្បាតក្នុងពេលបច្ចុប្បន្ន។
យោងតាមបញ្ជីដែឡបង្ហាញដោយក្រសួង តំបន់ទេសចរណ៍ស្ថិតក្នុងខេត្តចំនួន ២១ នោះរួមមាន៖ Chiang Mai, Mae Hong Son, Nan, Tak, Phitsanulok, Uthai Thani, Lampang, Lamphun, Nakhon Sawan, Uttaradit, Phetchabun, Bangkok, Ayutthaya, Ratchaburi, Phetchaburi, Prachuab Khiri Khan, Kanchanaburi, Suphanburi, Lopburi, Saraburi និង Chonburi។

ជាមួយគ្នានេះដែរក្នុងចំណោមតំបន់ទេសចរណ៍ល្បីៗ ដែលត្រូវបានបិទ ក៏មានឧទ្យានជាច្រើនដែរដូចជា៖ ឧទ្យានជាតិ Huai Nam Dang នៅឈៀងម៉ៃ (បិទរហូតដល់ថ្ងៃទី ៣០ ខែមេសា) ឧទ្យានជាតិ Si Nan នៅខេត្ត Nan (បិទរហូតដល់ថ្ងៃទី ៣០ ខែមិថុនា) ជម្រកសត្វព្រៃ Umphang នៅ Tak (បិទរហូតដល់ថ្ងៃទី ៣០ ខែមេសា) ឧទ្យាន Chae Son នៅ Lampang (បិទរហូតដល់មានការជូនដំណឹងបន្ថែមទៀត) និងព្រះបរមរាជវាំង និងប្រាសាទព្រះពុទ្ធ Emerald នៅទីក្រុងបាងកក (បិទរហូតដល់មានការជូនដំណឹងបន្ថែម)។

គួរបញ្ជាក់ផងដែរថា យោងតាមសេចក្តីរាយការណ៍បន្ទាន់មួយតាមរយៈ Page Facebook ផ្លូវការរបស់សារព័ត៌មាន The Nation Thailand បានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ ក្នុងប្រទេសថៃនៅថ្ងៃសោរ៍ ទី២៤ ខែមេសា មានចំនួនរហូតដល់ទៅ ២,៨៣៩ នាក់ ដែលនេះជាចំនួនអ្នកឆ្លងប្រចាំថ្ងៃក៏ច្រើនបំផុតមិនធ្លាប់មានទាល់តែសោះនៅក្នុងប្រទេសថៃ៕



អត្ថបទ៖ លីនី
ប្រភព៖ nationthailand


