ក្រសួងពាណិជ្ជកម្ម អំពាវនាវដល់ប្រជាពលរដ្ឋកុំមានការព្រួយបារម្ភអំពីការខ្វះខាតប្រភពបន្លែត្រីសាច់ នៅក្នុងកំឡុងពេលបិទខ្ទប់នេះ
សេដ្ឋកិច្ច April 24, 2021 Khmernote

ក្រសួងពាណិជ្ជកម្មអំពាវនាវដល់ប្រជាពលរដ្ឋកុំឱ្យមានការព្រួយបារម្ភអំពីការខ្វះខាតប្រភពបន្លែ ត្រីសាច់ ដើម្បីផ្គត់ផ្គង់ក្នុងអំឡុងពេលការបិទខ្ទប់នេះ ខណៈដែលកម្ពុជា នៅសល់ស្បៀង ជាអង្ករ ត្រីចិញ្ចឹម សត្វចិញ្ចឹម និងបន្លែជាច្រើន។ ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា កម្ពុជានៅសល់ផលិតកម្មស្បៀង ជាច្រើនសម្រាប់ផ្គត់ផ្គង់តម្រូវការហូបចុកប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ពិសេសបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងតំបន់បិទខ្ទ ប់ក៏ដូចជាតំបន់ក្រហម សូមកុំមានការព្រួយបារម្ភឱ្យសោះ។

ឯកឧត្តមបានបន្ថែមថា សម្រាប់បន្លែដែលបានដាក់លក់ជូនប្រជាពលរដ្ឋនាពេលនេះ ក៏ដូចជាបានចែកចាយទៅតំបន់បិទខ្ទប់ដទៃទៀតគឺមានប្រភពមកពីស្រុកព្រៃឈរ ខេត្តកំពង់ចាម និងមានបន្លែខ្លះទៀតនាំចូលពីខេត្តកណ្ដាល ហើយសម្រាប់បន្លែទាំងអស់នេះផងដែរ គឺយើងបញ្ជាទិញពីសហគមន៍ដែលផលិតបន្លែក្នុងស្រុករបស់កសិករយើងពិតៗ ពុំមានការនាំចូលឡើយ។

សំឡេង ៖ « យើងក៏បានពិនិត្យផងដែរលើលទ្ធភាពផ្គត់ផ្គង់ផ្សេងៗ ក្រសួងនឹងធ្វើកិច្ចការជាមួយនឹងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដើម្បីធ្វើយ៉ាងណាសម្រួលទំនិញពីប្រភពផលិតមកដល់ទីផ្សារធំៗ ដូចជាផ្សារម៉ាក្រូ ផ្សារបាយ័ន គឺដើម្បីឱ្យគាត់មានលទ្ធភាពលក់ចែកចាយជូនប្រជាពលរដ្ឋ ហើយយើងខ្លួនឯងផ្ទាល់ក៏នឹងសម្រួលឱ្យគាត់លក់ចែកចាយទៅដល់ផ្សារផ្សេងៗ ដែលមាន សកម្មភាពនៅឡើយនេះ ហើយចំពោះត្រីសាច់បន្លែរបស់យើង គឺមានការធានាដោយមិនបារម្ភពីការខ្វះខាតនោះទេ »។

ឯកឧត្តម ស្រី វុទ្ធី អគ្គលេខាធិការនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានមានប្រសាសន៍ថា បច្ចុប្បន្ន បន្លែ ត្រី សាច់ អង្ករផ្សេងៗ សុទ្ធតែមាននៅក្នុងស្តុក ហើយក្នុងមួយឆ្នាំៗ អាចបំពេញតម្រូវការទីផ្សាររហូតទៅដល់ ៨២ភាគរយ ដោយនាំចូលពីខាងក្រៅត្រឹមតែ ១៨ភាគរយតែប៉ុណ្ណោះ» ។

ឯកឧត្តមបន្តថា ទោះបីកម្ពុជាយើងជួបនូវវិបត្តិជំងឺកូវីដ១៩ក្តី តែការផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគផ្សេងៗ នៅតែមិនមានការខ្វះខាតឡើយ គឺអាចធានាបានគ្រប់គ្រាន់ នៅក្នុងតម្រូវការប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋទូទាំងប្រទេស ខណៈពេលនេះត្រីដែលកំពុង នៅក្នុងស្រះរបស់អ្នកចិញ្ចឹម អាចមានប្រហាក់ប្រហែល ជា ១៣០០០តោនហើយ នៅតំបន់រាជធានីភ្នំពេញលទ្ធភាពដែលអាចផ្គត់ផ្គង់ត្រីនេះបានប្រហាក់ប្រហែលជា ៣៩០០តោនដែរ ចឹងលទ្ធភាពស្បៀងដែលយើង មាននៅក្នុងដៃគឺមានគ្រប់គ្រាន់។

ឯកឧត្តមបញ្ជាក់ថា ក្នុងថ្ងៃធម្មតា ការផ្គត់ផ្គង់សាច់ជ្រូកទៅកាន់រាជធានីភ្នំពេញមាន ចំនួន៣០០០ក្បាល ទៅ ៥០០០ក្បាល ដោយឡែកក្នុងបរិបទជំងឺកូវីដ១៩នេះ ការផ្គត់ផ្គង់សាច់ជ្រូកទៅកាន់ទីផ្សារ មានការធ្លាក់ចុះនៅសល់ត្រឹមជាង ១០០០ក្បាលទេក្នុងមួយថ្ងៃ ។

សូមបញ្ជាក់ថា ដើម្បីធានាបាននិរន្តរភាពគ្រឿងឧបភោគបរិភោគទៅកាន់តំបន់បិទខ្ទប់និងតំបន់ក្រហមបានទាន់ពេលវេលានិងរហ័សជាងមុន ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ សហការជាមួយក្រសួងពាណិជ្ជកម្មកំពុងសម្រួលក្រុមហ៊ុនដឹកជញ្ជូនស្បៀងទៅកាន់ តំបន់បិទខ្ទប់ឱ្យ មានភាពងាយស្រួលជាងមុន ៕

ប្រភព៖ ក្រសួងព័ត៌មាន