យោងតាមចុះផ្សាយរបស់សារព័ត៌មានជប៉ុន NHK បានឲ្យដឹងថា រដ្ឋាភិបាលបារាំង បានបង្ហាញផែនការ ដើម្បីបន្ធូរបន្ថយការរឹតត្បិតប្រឆាំង នឹងមេរោគឆ្លង Covid-19 នៅទូទាំងប្រទេសរបស់ខ្លួន នៅក្នុងដំណាក់កាលដែលនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ។ គួររម្លឹកផងដែរថា ការចាក់សោរនៅទូទាំងប្រទេសបានកើតឡើងចាប់តាំងពីដើមខែនេះ ដើម្បីឆ្លើយតបទៅនឹងការផ្ទុះឡើងនៃវីរុស Covid-19 ប្រភេទថ្មី ដោយក្នុងនោះ ហាងលក់រាយ និងសាលារៀនត្រូវបានបិទទ្វារ ហើយប្រជាជនបានស្ថិតនៅក្រោមការរឹតត្បិតការធ្វើដំណើរក្នុងស្រុក។
យ៉ាងណាមិញថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ លោក Jean Castex នាយករដ្ឋមន្រ្តី បានលើកឡើងអំពីចំនួនករណីថ្មីប្រចាំថ្ងៃដែលបានធ្លាក់ចុះដល់ប្រហែល ៣ម៉ឺននាក់កាលពីពេលថ្មីៗនេះ ពីចំនួនជាមធ្យមជិត ៤០,០០០ នាក់កាលពីដើមខែនេះ។ លោកបាននិយាយថា ចំណុចកំពូលនៃរលកទី៣ នៃជំងឺរាតត្បាតនៅប្រទេសបារាំង «យើងអាចគ្រប់គ្រងបាន»។ លោកក៏បានបន្ថែមថាការឆ្លងនៃវីរុស បានបង្ហាញពីការធ្លាក់ចុះ។
ជាមួយគ្នានេះ ក្រោមវិធានការណ៍ថ្មីថ្នាក់រៀនផ្ទាល់នៅសាលារៀននឹងចាប់ផ្តើមឡើងវិញនៅថ្ងៃច័ន្ទ។ ខណៈប្រជាជន ក៏នឹងត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរលើសពីការដាក់កម្រិតចំនួន ១០ គីឡូម៉ែត្រនៃលំនៅដ្ឋានរបស់ពួកគេចាប់ពីថ្ងៃទី ៣ ខែឧសភា។ ប៉ុន្តែបំរាមគោចរម៉ោង ៧ ល្ងាច នឹងបន្តនៅទូទាំងប្រទេសសម្រាប់ពេលបច្ចុប្បន្ន និងការដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ១០ ថ្ងៃសម្រាប់អ្នកដំណើរទាំងអស់ ដែលធ្វើដំណើរមកពីប្រទេសអាហ្សង់ទីន ប្រេស៊ីល ឈីលី ឥណ្ឌា និងអាហ្វ្រិកខាងត្បូង។ ទន្ទឹមនឹងនេះដែររដ្ឋមន្រ្តីក្រសួងសុខាភិបាល Olivier Veran បាននិយាយថា វ៉ាក់សាំងការពារមេរោគដែលត្រូវបានបង្កើតឡើងដោយ Johnson & Johnson នឹងត្រូវបានប្រើសម្រាប់ការចាប់ផ្តើមសកម្មភាពចាប់ពីថ្ងៃសៅរ៍៕

អត្ថបទ៖ លីនី
ប្រភព៖ nhk


