ដើម្បីចូលរួមចំណែកក្នុងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ម្សិលមិញនេះ រដ្ឋាភិបាលវៀតណាម បានផ្តល់ជំនួយសប្បុរសធម៌ជាថវិកាចំនួន ៣០០ ០០០ដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ទទួលបានកាលពីពេលថ្មីៗនេះ។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់បន្ថែមថា ថ្នាក់ដឹកនាំវៀតណាម ក៏បានសម្តែងនូវជំនឿជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសកម្ពុជានឹងអាចជម្នះបាននូវការលំបាកបង្កដោយរោគរាតត្បាតនេះដោយជោគជ័យ និងងើបឡើងវិញយ៉ាងរឹងមាំជាងមុន ក្នុងពេលឆាប់ៗខាងមុខ។

ដោយឡែក រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនវៀតណាម ដែលបានផ្ដល់នូវជំនួយជាបន្តបន្ទាប់ ដើម្បីចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅកម្ពុជា។ ការផ្តល់ជំនួយសប្បុរសធម៌នេះ មិនត្រឹមតែបានឆ្លុះបញ្ចាំងពីកាយវិការមនុស្សធម៌ដ៏ល្អប្រសើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញយ៉ាងច្បាស់ អំពីទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាពដ៏រឹងមាំ និងភាពជាអ្នកជិតខាងដ៏ល្អរវាងប្រជាជាតិទាំងពីរផងដែរ។

សូមរម្លឹកថា ចាប់តាំងពីមានការរីករាលដាលវីរុសកូវីដ-១៩ នៅកម្ពុជា ប្រទេសវៀតណាមបានផ្តល់ជំនួយជាសម្ភារ និងថវិកា ជាបន្តបន្ទាប់ ជូនដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដើម្បីជួយសម្រាលក្នុងកាលៈទេសៈដ៏លំបាកនេះ៕

ប្រភព៖ ក្រសួងព័ត៌មាន


