ប្រជាជនថៃនៅតែស្ពាយបំណុលជាប់ខ្លួន ហើយបំណុលអាចនឹងកើនឡើងទៀត ទោះមានជំនួយពីរដ្ឋាភិបាល និងវិធានការណ៍ស្រោចស្រង់សេដ្ឋកិច្ចក៏ដោយ
សេដ្ឋកិច្ច April 21, 2021 Khmernote

បើទោះបីជាប្រទេសថៃកំពុងចាក់វ៉ាក់សាំងការពារ​ Covid-19 ដែលអាចជួយឲ្យស្ថានភាពប្រទេសត្រឡប់ទៅដូចមុនពេលផ្ទុះវីរុសបានលឿនជាងមុនក៏ដោយ ក៏បំណុលគ្រួសាររបស់ប្រជាជនថៃត្រូវបានគេរំពឹងថា នឹងកើនឡើង។ អ្នកវិភាគនៅ Kasikorn Research បានបង្ហើបថា តាមពិតទៅបំណុលរបស់ប្រជាជនថៃអាចឈានដល់ ៨៩-៩១% នៅដំណាច់ឆ្នាំនេះ។

នៅក្នុងការស្ទង់មតិថ្មីៗនេះ KResearch បានឲ្យដឹងថា អ្នកឆ្លើយតប ១០.៨% បង្ហាញថាអាចនឹងជាប់គាំងនៅក្នុងវិបត្តិហិរញ្ញវត្ថុ។ ក្នុងចំណោមអ្នកដែលអាចជាប់គាំង អ្នកខ្លះបានបង្ហាញពីការធ្លាក់ចុះប្រាក់ចំណូល អសមត្ថភាពក្នុងការកាត់បន្ថយចំណាយ និងបន្ទុកក្នុងការសងបំណុលខ្ពស់ ដោយក្នុងមួយខែលើសពី ៥០% នៃប្រាក់ចំណូលប្រចាំខែរបស់ពួកគេ។ ក្រុមអ្នកឆ្លើយសំណួរស្ទង់មតិនេះក៏មានការព្រួយបារម្ភផងដែរថា ខ្លួនប្រហែលជាមិនអាចផ្គត់ផ្គង់តម្រូវការមូលដ្ឋានរបស់ខ្លួនទៀតនោះទេ។

គួរឲ្យរម្លឹកផងដែរថា តួលេខបំណុលរបស់ប្រជាជនថៃនៅត្រីមាសទី៣ ឆ្នាំ២០២០ ទាបជាង ៨៦.៦% និងដំណាច់ឆ្នាំ ៨៩.២%។ យ៉ាងណាមិញនិន្នាការកើនឡើងនេះមិនប្លែកនោះទេ ដោយសារប្រាក់កម្ចីបានកើនឡើង ខណៈពេលដែលសេដ្ឋកិច្ចធ្លាក់ចុះ។ ជាលទ្ធផលបំណុលគ្រួសារជិត ២០% បច្ចុប្បន្នកំពុងទទួលបានវិធានការណ៍ជំនួយហិរញ្ញវត្ថុពីស្ថាប័នហិរញ្ញវត្ថុ។ ធនាគារកណ្តាលថៃ និយាយថានៅចុងឆ្នាំ ២០២០ មានថវិកាចំនួន ២.៧៩ ទ្រីលានបាតជា នៅក្នុងកម្មវិធីផ្តល់ជំនួយហិរញ្ញវត្ថុ ដែលស្មើនឹង ២០% ។

យ៉ាងណាមិញទោះបីមានវិធានការណ៍របស់រដ្ឋាភិបាល និងវិធានការណ៍ជំរុញក៏ដោយ រលកទី៣ នៃជំងឺរាតត្បាតត្រូវបានគេរំពឹងថានឹងបង្កើនបំណុលដែលមិនទាន់សងនៅក្រោមកម្មវិធីជំនួយហិរញ្ញវត្ថុរហូតដល់ចុងខែនេះ ប៉ុន្តែអ្នកវិភាគនិយាយថា បំណុលទាំងនោះទំនងជាមិនខ្ពស់ជាងត្រីមាសទី៣ ឆ្នាំ ២០២០ នោះទេ។ ខណៈចំនួនអ្នកខ្ចីដែលត្រូវការជំនួយបន្ថែមបន្ទាប់ពីកម្មវិធីជំនួយដែលបញ្ចប់នៅខែមិថុនាឆ្នាំ ២០២១ ត្រូវបានគេរំពឹងថានឹងមានចំនួនច្រើន៕

អត្ថបទ៖ លីនី
ប្រភព៖ thethaiger