សម្តេចតេជោ ហ៊ុន សែន ស្នើដល់ប្រជាពលរដ្ឋធ្វើចត្តាឡីស័កក្នុងតំបន់បិទខ្ទប់ មេត្តាយោគយល់ ចំពោះការផ្តល់ជំនួយរបស់រាជរដ្ឋាភិបាល
សេដ្ឋកិច្ច April 21, 2021 Khmernote

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ប្រជាពលរដ្ឋធ្វើចត្តាឡីស័កក្នុងតំបន់បិទខ្ទប់ មេត្តាយោគយល់ចំពោះការ ផ្តល់ជូនជំនួយជាថវិកា ដោយរាជរដ្ឋាភិបាលបានបង្វិលថវិកា ៣០ម៉ឺនរៀល ទៅជាការផ្គត់ផ្គង់ស្បៀងអាហារជំនួសវិញ ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍តាមរយៈសារ សំឡេង នៅយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ នេះថា កាលពីថ្ងៃទី១០ខែមេសា ឆ្នាំ២០២១កន្លងទៅ សម្តេច បានប្រកាសពីផ្តល់ប្រាក់ ឧបត្ថម្ភ ៣០ម៉ឺនរៀល និងស្បៀងអាហារមួយចំនួនដល់អ្នកធ្វើចត្តាឡីស័ក ដើម្បីដោះស្រាយទុក្ខលំបាកក្នុងការរស់នៅប្រចាំថ្ងៃ ប៉ុន្តែនៅពេលនេះសម្តេច បានស្នើសុំផ្តល់តែស្បៀងអាហារប៉ុណ្ណោះ។

ការសម្រេចបែបនេះ ដោយសារតែទាំងរាជធានីភ្នំពេញក៏ដូចជាក្រុងតាខ្មៅ ត្រូវបានអនុវត្តវិធានការបិទខ្ទប់ ហើយប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញក៏ដូចជាក្រុងតាខ្មៅ ភាគច្រើនសុទ្ធតែបានជាប់ក្នុងការធ្វើចត្តាឡីស័កផងដែរ។

សម្តេចតេជោ បានប្រកាសសុំការយោគយល់ពីប្រជាពលរដ្ឋ ហើយសុំបង្វែរពីការឧបត្ថម្ភថវិកា៣០ម៉ឺនរៀល មកជំនួសដោយ ផ្តល់ស្បៀងអាហារជំនួសវិញ ដូចជាអង្ករ ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ និងសម្ភារផ្សេងៗទៀត៕

ប្រភព៖ ក្រសួងព័ត៌មាន​