ប្រទេស​ថៃ នៅតែត្រូវប៉ាន់ក្នុងវិបត្តិកូវីដ ដោយការនាំចេញផ្លែឈើទៅបរទេសកើនឡើងជាង ១០០%
សេដ្ឋកិច្ច April 20, 2021 Khmernote

ការិយាល័យព័ត៌មានជាតិថៃបានរាយការណ៍ថា អ្នកនាំចេញផ្លែឈើថៃបានកើនឡើង ១០៧% ក្នុងខែមករា និងកុម្ភៈធៀបនឹងតួលេខកាលពីឆ្នាំមុន។ ក្នុងការកើនឡើងនោះ ប្រទេសចំនួន ១៨ មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសម្រាប់ផ្លែឈើជាមួយប្រទេសថៃហើយពាណិជ្ជកម្មសរុបក្នុងរយៈពេល ២ ខែដំបូងនៃឆ្នាំ ២០២១ មានតម្លៃ ៤៦១ លានដុល្លារអាមេរិក។

ប្រភពដដែលបានឲ្យដឹងថា ប្រទេស​ថៃ​ កំពុងនាំចេញផ្លែឈើស្រស់យ៉ាងសកម្មជាមួយនឹងអ្នកទិញកំពូលៗ របស់ខ្លួន រួមមាន អូស្រ្តាលី ឈីលី ចិន ហុងកុង ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីននិងសិង្ហបុរី ហើយផ្លែឈើដែលមានប្រជាប្រិយបំផុត គឺផ្លែទុរេន ស្វាយ មង្ឃុត និងមៀន។

ស្របពេលជាមួយនឹងការកើនឡើងនេះ កសិករដាំទុរេនថៃមួយចំនួនមានការព្រួយបារម្ភអំពីផលប៉ះពាល់នៃរលកថ្មី Covid-19 នៅប្រទេសថៃនាពេលបច្ចុប្បន្ន និងវិធីទប់ស្កាត់ការរាតត្បាតរបស់រដ្ឋាភិបាល ដែលវាអាចរារាំងដល់ការនាំចេញទៅប្រទេសចិន ដែលជាប្រភពចំណូលរបស់ពួកគេ។

ជាក់ស្ដែងនៅដើមឆ្នាំ២០២១ អាជ្ញាធរសុខាភិបាលក្នុងប្រទេសចិនបានផ្សព្វផ្សាយសេចក្តីប្រកាសព័ត៌មានមួយដោយបញ្ជាក់ថា ផ្លែ cherry ដែលនាំចូលពីប្រទេសឈីលី ត្រូវបានគេធ្វើតេស្តនិងរកឃើញថាមានការចម្លងរោគ Covid-19 ។ សេចក្តីថ្លែងការណ៍នេះបានជំរុញឱ្យតម្លៃមាន cherry របស់ឈីលីមានការធ្លាក់ចុះយ៉ាងខ្លាំង ដូច្នេះហើយទើបអ្នកដាំទុរេននៅថៃមានការព្រួយបារម្ភដូចគ្នាចំពោះការនាំចូលទុរេន៕

អត្ថបទ៖ លីនី
ប្រភព៖ thethaiger