រាជរដ្ឋាភិបាល ណែនាំឱ្យក្រសួងពាណិជ្ជកម្ម រៀបចំជាបន្ទាន់សម្រាប់ការផ្គត់ផ្គង់ ដឹកជញ្ជូន និងចែកចាយស្បៀង លក់ឱ្យប្រជាពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់
សេដ្ឋកិច្ច April 20, 2021 Khmernote

ប្រមុខរាជរដ្ឋាភិបាល បានណែនាំឱ្យក្រសួងពាណិជ្ជកម្ម ត្រូវរៀបចំសម្របសម្រួលជាបន្ទាន់ សម្រាប់ការផ្គត់ផ្គង់ ដឹកជញ្ជូន និងចែកចាយស្បៀង រួមទាំងគ្រឿងឧបភោគបរិភោគ ដែលចាំបាច់ផ្សេងទៀត ដើម្បីលក់ឱ្យប្រជាពលរដ្ឋរស់នៅក្នុង តំបន់បិទខ្ទប់ ដែលចាត់ទុកជា «តំបន់ក្រហម»។

យោងតាមសេចក្តីណែនាំបន្ទាន់មួយ លើវិធានការលម្អិត ដើម្បីរឹតបន្តឹងការអនុវត្តន៍ ក្នុងអំឡុងពេលបិទខ្ទប់ (LOCKDOWN) រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដែលវិទ្យុជាតិកម្ពុជាទទួលបាន នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ បានណែនាំឱ្យ ក្រសួងពាណិជ្ជកម្ម ត្រូវរៀបចំសម្របសម្រួលជាបន្ទាន់ឱ្យមានការផ្គត់ផ្គង់ ដឹកជញ្ជូន និងចែកចាយស្បៀង រួមមាន អង្ករ មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអីវ និងទឹកបរិសុទ្ធ ព្រមទាំងគ្រឿងឧបភោគបរិភោគដែលចាំបាច់ផ្សេងទៀត ដើម្បីលក់ឱ្យប្រជាពលរដ្ឋ រស់នៅក្នុងតំបន់ក្រហម ដោយអនុវត្តសេវាលក់ តាមប្រព័ន្ធទូរស័ព្ទ ឬអនឡាញ និងការដឹកជញ្ជូនចែកចាយដល់មុខផ្ទះ។

ក្នុងនោះសម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យអាជ្ញាធរអនុវត្តវិធានការបិទខ្ទប់ ត្រូវចាត់ចែងជាបន្ទាន់ ដើម្បីចែកចាយនូវ ជំនួយសង្គ្រោះបន្ទាន់ រួមមាន៖ អង្ករ មី ត្រីខកំប៉ុង ទឹកត្រី និងទឹកស៊ីអ៊ីវ ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ ប្រជាពលរដ្ឋក្រីក្រ និងមានការលំបាកក្នុងជីវភាព នៅក្នុងតំបន់ក្រហម។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ក្រសួងពាណិជ្ជកម្ម បានចាប់ផ្ដើមលក់ អង្ករ និងមី ចល័តក្នុងរាជធានីភ្នំពេញ ដែលមានតម្លៃ ទាបជាងទីផ្សារ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋ ដោយកំណត់ ក្នុងមួយគ្រួសារ ទិញបានអង្ករមួយបាវ និងមីមួយកេស ក្នុងនោះ ក្រុមហ៊ុនហ្រ្គីនត្រេដ នៃក្រសួងពាណិជ្ជកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កុំព្រួយបារម្ភលើបញ្ហាខ្វះអង្ករ ខណៈដែលរាជរដ្ឋាភិបាល ដាក់ចេញវិធានការបិទខ្ទប់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាលនេះ៕

ប្រភព៖ ក្រសួងព័ត៌មាន