អរគុណមិត្តកូរ៉េ! សាធារណរដ្ឋកូរ៉េ ផ្តល់ជំនួយជាសម្ភារៈវេជ្ជសាស្ត្រដល់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ សរុបទឹកប្រាក់រហូតដល់ទៅ ៣៥ម៉ឺនដុល្លារ
សេដ្ឋកិច្ច April 19, 2021 Khmernote

កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េបានផ្តល់អំណោយសម្ភារៈវេជ្ជសាស្ត្រដល់ក្រសួងសុខាភិបាលកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩។ ការផ្ដល់នេះធ្វើឡើងតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ដែលហៅកាត់ថា (KOICA)) ក្នុងគោលបំណងជួយដល់ក្រសួងសុខាភិបាល ក្នុងការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ នៅកម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ KOICA Cambodia Office នៅព្រឹកនេះបានឲ្យដឹងថា សម្ភារៈវេជ្ជសាស្ត្រដែលជាជំនួយរបស់សារធារណៈកូរ៉េរួមមាន៖​ ឧបករណ៍ធ្វើតេស្ត RNA Extraction Kits ចំនួន ១៨,៧៥០ ឈុត, ឧបករណ៍ធ្វើតេស្ត SD Biosensor ចំនួន ១៤,៤០០ ឈុត, ឧបករណ៍សម្រាប់យកសំណាក និងគ្រឿងបន្លាស់ផ្សេងទៀតសម្រាប់ម៉ាស៊ីនតេស្ត PCR ចំនួន ៤២,០០០ សរុបជាទឹកប្រាក់ស្មើនឹង ៣៥០,០០០ ដុល្លារ។ វត្ថុទាំងនេះនឹងត្រូវយកទៅប្រើប្រាស់ក្នុងមន្ទីរពិសោធន៍នៃវិទ្យាស្ថានជាតិសុខភាពសាធារណៈ / ក្រសួងសុខាភិបាលដើម្បីរកមេរោគកូវីដ-១៩។

ក្រៅពីការបរិច្ចាគដែលបានរៀបរាប់ខាងលើ KOICA ក៏បានផ្តល់ការគាំទ្រផ្សេងទៀតតាមរយៈកម្មវិធីនេះដូចជា៖ ទី១.បន្ទប់ធ្វើតេស្តចល័តចំនួន ២០ និង Negative Pressure Carriers ចំនួន ៦២។ ទី២.គាំទ្រឧបករណ៍ការពារផ្ទាល់ខ្លួន (PPE) រួមទាំងសម្ភារៈការពារចាំបាច់ដូចជាម៉ាស ១០០,០០០ ម៉ាស N95 ចំនួន ៤,៥០០ ទឹកសម្អាតដៃ ២.០០០ សម្រាប់បុគ្គលិកមន្ទីរពេទ្យដល់មន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ ទី៣.គាំទ្រដល់ប្រជាជនដែលងាយរងគ្រោះដោយអត់អាហារ និងជំនួយបឋមចាំបាច់នៅ ៦ តំបន់គោលដៅរួមទាំងរាជធានីភ្នំពេញ កំពង់ស្ពឺ ក្រចេះ ឧត្តរមានជ័យ បាត់ដំបង និងសៀមរាប។ ទី៤.កិច្ចសហប្រតិបត្តិការជាមួយអង្គការអន្តរជាតិសម្រាប់ការធ្វើចំណាកស្រុក ស្តីពី“ ការពង្រឹងការឆ្លើយតបវីរុសកូវីដ-១៩ ចំពោះការវិលត្រឡប់នៃជនចំណាកស្រុកនៅកម្ពុជាត្រង់ចំណុចចូល និងកន្លែងធ្វើចត្តឡីស័ក ផ្តោតលើខេត្តចំនួន ៥ គឺខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប និងខេត្តព្រៃវែង។

សូមជម្រាបផងដែរថា នេះមិនមែនជាការបរិច្ចាគលើកដំបូងទេ ខណៈដែល KOICA បានចូលរួមឧបត្ថម្ភគាំទ្រជាច្រើនតាំងពីវីរុសកូវីដ បានផ្ទុះនៅក្នុងប្រទេសកម្ពុជា។ ហើយជាក់ស្ដែងកម្មវិធីគាំទ្រខាងលើនេះ គឺជាគំនិតផ្តួចផ្តើមរបស់សាធារណរដ្ឋកូរ៉េដែលធ្វើអន្តរាគមឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺរាតត្បាត តាមរយៈការគាំទ្រផ្សេងៗគ្នា៕

អត្ថបទ៖ លីនី