កុំបារម្ភ! អភិបាលខេត្តកណ្តាល ត្រៀមទីតាំងសម្រាប់ធ្វើជាផ្សារបោះដុំបន្លែបណ្តោះអាសន្ន ជំនួសផ្សារដើមគរ
សេដ្ឋកិច្ច April 19, 2021 Khmernote

អភិបាលខេត្តកណ្តាល បានចុះពិនិត្យទីតាំង ត្រៀមសម្រាប់ធ្វើជាផ្សារបោះដុំបន្លែបណ្តោះអាសន្ន ជំនួសផ្សារដើមគរ បន្ទាប់ពីរដ្ឋបាល​រាជធានីភ្នំពេញផ្អាកដំណើរការជាបណ្តោះអាសន្នមូលដ្ឋានផ្សារដើមគរ និងផ្សារបន្លែ ស្ថិតនៅជុំវិញតំបន់​​ប្រជុំជនផ្សារដើមគរ ក្នុងខណ្ឌទួល​គោក និងខណ្ឌបឹងកេងកង សម្រាប់រយៈពេលពេល១៤ថ្ងៃ។

ឯកឧត្ដម គង់សោភ័ណ្ឌ អភិបាលខេត្តកណ្តាល កាលពីយប់ថ្ងៃទី១៧មេសា បានចុះពិនិត្យទីតាំង ត្រៀមសម្រាប់ធ្វើជាទីផ្សារបោះ​​ដុំបន្លែបណ្តោះអាសន្ន ជំនួសឱ្យផ្សារដើមគរ ស្របតាមការស្នើសុំរបស់សាលារាជធានីភ្នំពេញ ខណៈដែលអាជ្ញាធររាជធានីភ្នំពេញ បានចេញសេចក្តីសម្រេចនៅពេលថ្មីៗនេះ ផ្អាកលក់ដូរបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១៨ ខែមេសា រហូតដល់ថ្ងៃទី១ ខែឧសភា បន្ទាប់ពីប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រសួងសុខាភិបាល បានរកឃើញករណី វិជ្ជមានវីរុសកូវីដ-១៩ លើអាជីវករ និងអ្នកពាក់ព័ន្ធផ្សេងទៀត ប្រមាណជាង១០០នាក់ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ។ ប៉ុន្តែទោះយ៉ាងណា អាជ្ញាធរខេត្តកណ្តាលពុំទាន់បញ្ជាក់ពីទីតាំងពិតប្រាកដនៅឡើយទេ។

(រូបតំណាង)

យោងតាមសេចក្តីជូនដំណឹងរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ដោយស្ថានភាពនៃការរីករាលជំងឺ​​កូវីដ-១៩ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានបងប្អូនអាជីវករ និងកម្លាំងសន្តិសុខផ្សារដើមគរ ចំនួនប្រមាណ១០០នាក់ បានឆ្លងជំងឺកូវីដ-១៩ ក្នុង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» ដែលស្ថានភាពនេះ បានឆ្លងរាលដាលយ៉ាងឆាប់រហ័ស គួរឲ្យព្រួយបារម្ភ និងចាំបាច់ត្រូវមានវិធានការសុខាភិបាលដើម្បីទប់ស្កាត់ជាបន្ទាន់។

(រូបតំណាង)

ដូច្នេះរដ្ឋបាលរាជធានីភ្នំពេញ សូមផ្អាកដំណើរការជាបណ្តោះអាសន្នមូលដ្ឋានផ្សារដើមគរ និងផ្សារបន្លែ ស្ថិតនៅជុំវិញតំបន់ប្រជុំជនផ្សារ​​ដើមគរ ក្នុងសឹកខណ្ឌទួលគោក និងខណ្ឌបឹងកេងកង សម្រាប់រយៈពេលពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលវីរុសកូវីដ-១៩ ទៅដល់បងប្អូនអាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋដែលចេញ-ចូលផ្សារនេះ៕

(រូបតំណាង)

(រូបតំណាង)

ប្រភព៖ ក្រសួងព័ត៌មាន