អគ្គនាយកដ្ឋានពន្ធដារ ពន្យារពេលនៃការដាក់ លិខិតប្រកាសបង់ពន្ធ ប្រចាំខែមីនា ដល់អ្នកជាប់ពន្ធក្នុងភូមិសាស្ត្របិទខ្ទប់ នៃរាជធានីភ្នំពេញ និងក្រុងតាខ្មៅ
សេដ្ឋកិច្ច April 19, 2021 Khmernote

អគ្គនាយកដ្ឋានពន្ធដារ សម្រេចពន្យារពេលនៃការដាក់ លិខិតប្រកាស និងបង់ប្រាក់ពន្ធ ប្រចាំខែមីនា ដល់អ្នកជាប់ពន្ធក្នុងភូមិសាស្ត្របិទខ្ទប់ នៃរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ កន្លងទៅនេះ​ បានចេញសេចក្ដីជូនដំណឹង ដល់អ្នក ជាប់ពន្ធក្នុងភូមិសាស្ត្របិទខ្ទប់ នៃរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដោយយោងតាមសេចក្ដីសម្រេចលេខ ៤៩ សសរ ចុះថ្ងៃទី ១៤ ខែ មេសា ឆ្នាំ ២០២១ ស្តីពីការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និង ក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

នៅក្នុងសេចក្ដីជូនដំណឹងបានបញ្ជាក់ថា ដើម្បីជាការសម្រួលដល់ដំណើរការនៃការដាក់លិខិតប្រកាស និងបង់ពន្ធប្រចាំខែ សម្រាប់អ្នកជាប់ពន្ធដែលស្ថិតនៅក្នុងប្រភេទអាជីវកម្ម ត្រូវបានអនុញ្ញាតឱ្យបន្តសកម្មភាពក្នុងកំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់ ដូចមានចែងក្នុងប្រការ ៣ នៃសេចក្តីសម្រេច ៤៩ សសរ ចុះថ្ងៃទី ១៤ ខែ មេសា ឆ្នាំ២០២១ ស្តីពីការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និង ក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ។

ជាមួយគ្នានេះ ដោយសារការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និង ក្រុងតាខ្មៅនេះ អគ្គនាយដ្ឋានពន្ធដារបានសម្រេចឱ្យអ្នកជាប់ពន្ធដែលមិនស្ថិតនៅក្នុងភូមិសាស្រ្តដែលបានបិទខ្ទប់ កាលបរិច្ឆេទផុតកំណត់ឱ្យដាក់លិខិតប្រកាស និងបង់ពន្ធប្រចាំខែមីនា ដែលត្រូវធ្វើនៅក្នុងខែមេសានេះ នឹងត្រូវបានអនុញ្ញាតឱ្យពន្យាពេលរហូតដល់ថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០២១ ។

ដោយឡែកចំពោះ អ្នកជាប់ពន្ធដែលស្ថិតក្នុងប្រភេទអាជីកម្មដែលត្រូវបានហាមឃាត់ក្នុងភូមិសាស្រ្តដែលត្រូវបានបិទខ្ទប់ កាលបរិច្ឆេទផុតកំណត់ឱ្យដាក់លិខិតប្រកាសនិងបង់ពន្ធប្រចាំខែមីនា ដែលត្រូវធ្វើឡើងនៅក្នុងខែមេសា ឆ្នាំ២០២១ នឹងត្រូវបានអនុញ្ញាតឱ្យពន្យារពេលរហូតដល់ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២១៕

អត្ថបទ៖ លីនី