ប្រទេសកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃច័ន្ទទី ១២ ខែមេសាថា ខ្លួនគ្រោងនឹងចាប់ផ្ដើមផលិតវ៉ាក់សាំងការពារវីរុស Covid-19 របស់ខ្លួនឈ្មោះថា Novavax នៅដើមខែមិថុនានេះ ស្របពេលដែលក្រុមហ៊ុនក្នុងស្រុកចំនួន ៥ មានគោលបំណងចាប់ផ្តើមសាកល្បងដំណាក់កាលចុងក្រោយ នៃការចាក់ថ្នាំបង្ការរោគដោយវ៉ាក់សាំងរបស់ខ្លួននៅឆមាសទី ២ នៃឆ្នាំនេះ។
ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីលោកប្រធានាធិបតី Moon Jae-in បានរៀបចំកិច្ចប្រជុំពិសេសមួយ ស្តីពីកិច្ចប្រឹងប្រែងប្រឆាំងនឹងមេរោគ និងការអភិវឌ្ឍវ៉ាក់សាំង ខណៈខ្លាចរលកឆ្លងទី ៤ ដែលអាចកើតមានឡើង។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Kwon Deok-cheol បាននិយាយថាក្រុមហ៊ុន SK Bioscience នឹងអាចចាប់ផ្តើមផលិតវ៉ាក់សាំង Novavax COVID-19 នៅដើមខែមិថុនាហើយអាចផ្គត់ផ្គង់បានដល់ទៅ ២០ លានដូសនៅចុងត្រីមាសទី ៣។

ក្រសួងសុខាភិបាល ក៏បានបន្តថា ក្រុមហ៊ុនក្នុងស្រុកចំនួន ៥ មានគោលបំណងចាប់ផ្តើមការសាកល្បងវ៉ាក់សាំងដំណាក់កាលទី៣ នៃវ៉ាក់សាំងផ្ទាល់ខ្លួនរបស់ពួកគេនៅចុងឆ្នាំនេះ ក្នុងនោះរួមមាន SK Bioscience, EuBiologics, Cellid, Genexine និង GeneOne Life Science ។ លើសពីនេះក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាលគ្រោងនឹងផ្តល់ថវិកាចំនួន ៦៨.៧ ពាន់លានវ៉ុន (៦១.១ លានដុល្លារ) ដើម្បីគាំទ្រដល់ការអភិវឌ្ឍវ៉ាក់សាំងរបស់ក្រុមហ៊ុន។
គួរបញ្ជាក់ថា យោងតាមទីភ្នាក់ងារត្រួតពិនិត្យនិងការពារជំងឺកូរ៉េ (KDCA) បានរាយការណ៍ ពីករណីថ្មីនៃវីរុស Covid-19 ចំនួន ៥៨៧ គិតត្រឹមថ្ងៃអាទិត្យ ដោយមានការថយចុះបន្តិច បន្ទាប់ពីចំនួនសរុបប្រចាំថ្ងៃកើនលើសពី ៦០០ អស់យៈពេល ៦ ថ្ងៃជាប់ៗគ្នា៕

អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia


