រលក Covid-19 ថ្មី ធ្វើឲ្យប៉ះពាល់ដល់គោលដៅកើបលុយ ១២ពាន់លានបាត ពីបុណ្យសង្រ្កាន្តរបស់អាជ្ញាធរទេសចរថៃ
ទេសចរណ៍ April 12, 2021 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand បានឲ្យដឹងថា រលក Covid-19 ថ្មីបានធ្វើឲ្យផែនការធ្វើដំណើររបស់ប្រជាជននៅទូទាំងប្រទេសធ្លាក់ចុះក្នុងកំឡុងពេលបុណ្យសង្រ្កាន្ត ជាពិសេសនោះគឺ ទាក់ទងទៅនឹងគោលដៅរបស់អាជ្ញាធរទេសចរណ៍ថៃ (TAT)។ លោក Yuthasak Supasorn អភិបាលនៃ អាជ្ញាធរទេសចរណ៍ថៃ បានមានប្រសាសន៍ថា ផលប៉ះពាល់នៃការផ្ទុះឡើង Covid-19 ថ្មីក្នុងរយៈពេលខ្លីនេះ ត្រូវបានប៉ាន់ស្មានដោយក្រុមអាជ្ញាធររបស់លោក។

ជាក់ស្ដែង អាជ្ញាធរទេសចរណ៍ថៃបានព្យាករណ៍ពីកាលៈទេសៈក្នុងអំឡុងពេលបុណ្យសង្រ្កាន្តថា៖ ប្រជាជនខ្លះនឹងសំរេចចិត្តវិលត្រឡប់ទៅស្រុកកំណើតវិញ បើទោះបីជាវីរុសរាត្បាតជាថ្មីក៏ដោយ ដោយសារការជាប់គាំងកាលពីឆ្នាំមុន ធ្វើឱ្យពួកគេមិនបានទៅផ្ទះ។ ជាមួយគ្នានេះដែរ ប្រជាជននឹងសំរេចចិត្ត ធ្វើដំណើរទៅទីក្រុង ឬ តំបន់ដែលមានសុវត្ថិភាព ដោយពួកគេយកឡានផ្ទាល់ខ្លួនជំនួសការដឹកជញ្ជូនសាធារណៈ។ ខណៈការព្យាករណ៍មួយទៀត គឺ ប្រជាជនសំរេចចិត្តស្នាក់នៅក្នុងផ្ទះក្នុងអំឡុងពេលនៃពិធីបុណ្យ ព្រោះពួកគេមានការព្រួយបារម្ភអំពីការឆ្លងវីរុស Covid-19។

ហេតុដូច្នេះហើយ លោក Yuthasak បានប៉ាន់ស្មានថា អ្នកធ្វើដំណើរសរុបក្នុងអំឡុងពេលបុណ្យសង្រ្កាន្ត នឹងមិនទៅដល់គោលដៅរបស់អាជ្ញាធរដែលបានកំណត់ទុកទេ។ ទន្ទឹមនឹងនេះដែរ ក្រុមប្រឹក្សាទេសចរណ៍ថៃ (TCT) បានប្រាប់អ្នកសារព័ត៌មានថា ប្រជាជនពី ១០ ទៅ ២០ ភាគរយ បានលុបចោលការកក់បន្ទប់របស់ពួកគេរួចហើយ ក្នុងឱកាសបុណ្យខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា អាជ្ញាធរទេសចរថៃ (TAT) រំពឹងថាការស្នាក់នៅសណ្ឋាគារអំឡុងថ្ងៃឈប់សម្រាកបុណ្យសង្រ្កាន្តមានចំនួន ៣១ ភាគរយ ដោយមានអ្នកដំណើរចំនួន ៣.២០ លាននាក់។ ក្នុងនោះការចំណាយដើម្បីចរាចរនៅក្នុងវិស័យទេសចរណ៍ត្រូវបានកំណត់គោលដៅចំនួន ១២ ពាន់លានបាត៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand