យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឲ្យដឹងថា រាជរដ្ឋាភិបាលបានបន្តខិតខំជួយវិស័យវាយនភណ្ឌកាត់ដេរ និងវិស័យទេសចរណ៍ដែលព្យួរការងារក្នុងបរិបទកូវីដ-១៩ ដើម្បីរក្សាលំនឹងជីវិតរបស់បងប្អូនកម្មករ និយោជិត។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ សារលិខិតជូនជនរួមជាតិ អបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំថ្មីប្រពៃណីជាតិ។
ក្នុងសារលិខិតនោះដែរ សម្តេចតេជោ បានបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ននេះ ទោះបីព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរពីជំងឺឆ្លងកូវីដ-១៩ក្តី ក៏វិស័យឧស្សាហកម្ម និងសិប្បកម្ម នៅកម្ពុជា បានរីកលូតលាស់ជាបន្តបន្ទាប់ ។ រោងចក្រសរុបមានចំនួនជាង១ ៨៦៤រោងចក្រ ដែលភាគច្រើនជារោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងមានឧស្សាហកម្មធុនតូច មធ្យម និងសិប្បកម្មជាង៤៣ ០៨២មូលដ្ឋាន ហើយដែលបានស្រូបកម្លាំងពលករ សរុបប្រមាជាង១លាន៥សែននាក់។
សារលិខិតបន្តថា ចំពោះកម្មករ និយោជិតក្នុងវិស័យវាយនភណ្ឌកាត់ដេរ និង វិស័យទេសចរណ៍ដែលព្យួរការងារ កំពុងទទួលបានប្រាក់ឧបត្ថម្ភ ពីរាជរដ្ឋាភិបាល ៤០ដុល្លារអាម៉េរិក ក្នុងមួយខែ ដើម្បីជួយឱ្យបងប្អូនមានលំនឹងជីវិត និងអាចលើកកម្ពស់ជំនាញ និងបង្កើនផលិតភាពការងារ របស់ខ្លួនតាមរយៈការបណ្តុះបណ្តាលជំនាញរយៈពេលខ្លី ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏នៅតែបន្តដំណើរការរាល់កម្មវិធីជំនួយសង្គម និងគាំពារសង្គមទាំងឡាយ ដែលមានស្រាប់មិនឱ្យមានការខកខាននៅក្នុងអំឡុងពេលមានជំងឺកូវីដ-១៩ទេ ដូចជាការឧបត្ថម្ភសាច់ប្រាក់ពេលសម្រាលកូនសម្រាប់កម្មករ និយោជិតទាំងក្នុងនិងក្រៅប្រព័ន្ធ និងការឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ក្នុងគ្រួសារក្រីក្រជាដើម ។
ទន្ទឹមនឹងនេះរាជរដ្ឋាភិបាល ក៏បាននិងកំពុងជួយពលករកម្ពុជា ដែលធ្វើការនៅបរទេស មានប្រមាណជាង ២ម៉ឺននាក់ មានជាអាទិ៍ ប្រទេសថៃ សាធារណរដ្ឋកូរ៉េ ម៉ាឡេស៊ី ជប៉ុន សិង្ហបុរី និងហុងកុង ក្នុងការធានានូវផលប្រយោជន៍ស្របច្បាប់ និងមុខជំនាញបច្ចេកទេស ផងដែរ។

លិខិតបន្តទៀតថា វិស័យសំណង់បាននឹងកំពុងរីកលូតលាស់ ដោយមានអគារខ្ពស់ៗប្រមាណជាង ២១៨០អគារ ចាប់ពី៥ជាន់ទៅ៤០ជាន់ឡើង ក្នុងរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងនៅតាមបណ្តាខេត្តមួយចំនួនទៀត ។ ភ្ញៀវទេសចរអន្តរជាតិចូលមកព្រះរាជាណាចក្រកម្ពុជា មានចំនួនប្រមាណ ១លាន ៣សែននាក់ ថយចុះប្រមាណ ៨០.២០% និងភ្ញៀវទេសចរជាតិមានចំនួនប្រមាណ ៧.២៣លាននាក់ ថយចុះប្រមាណ ៣៦.១០% បើធៀបនឹងឆ្នាំ២០១៩ ។
ដោយឡែកចំណូលពីវិស័យទេសចរណ៍ បានប្រមាណ ១,០២៣លានដុល្លារអាម៉េរិក ថយចុះ ៧៩.២០% ហើយចំណូលពីការលក់ប័ណ្ណ ចូលទស្សនារមណីយដ្ឋានអង្គរ ទទួលបានប្រមាណជាង ១៨លានដុល្លារអាម៉េរិក និងមានភ្ញៀវទេសចរអន្តរជាតិចូលទស្សនាប្រមាណជាង ៤០ម៉ឺននាក់៕

ប្រភព៖ ក្រសួងព័ត៌មាន


