សឹង្ហបុរី នឹងទទួលស្គាល់នូវលិខិតឆ្លងដែនឌីជីថលនៅក្នុងខែឧសភា ជាផ្នែកមួយជួយឱ្យការធ្វើដំណើរឡើងវិញលឿនជាងមុន
ទេសចរណ៍ April 7, 2021 Khmernote

អាជ្ញាធរអាកាសចរណ៍ស៊ីវិលសឹង្ហបុរីបាននិយាយកាលពីថ្ងៃទី ៥ ខែមេសាថា ប្រទេសសឹង្ហបុរីនឹងទទួលស្គាល់លិខិតឆ្លងដែនឌីជីថលរបស់សមាគមដឹកជញ្ជូនតាមអាកាសអន្តរជាតិ (IATA) សម្រាប់ការត្រួតពិនិត្យមុនពេលចេញដំណើរ ដែលនឹងក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេ ដែលបានអនុម័តគំនិតផ្តួចផ្តើមនេះ។

អ្នកដំណើរទាំងអស់នឹងអាចចែករំលែកនូវលទ្ធផលនៃការធ្វើតេស្ត Polymerase (PCR) សម្រាប់ជំងឺកូវីដ-១៩ មុនពេលចេញដំណើររបស់ពួកគេជាមួយក្រុមហ៊ុនអាកាសចរណ៍ ក្នុងអំឡុងពេលត្រួតពិនិត្យពេលធ្វើដំណើរតាមអាកាស និងពេលមកដល់ចំណុចត្រួតពិនិត្យអន្តោប្រវេសន៍នៅអាកាសយានដ្ឋាន Changi។ មុនពេលទទួលស្គាល់ លិខិតឆ្លងដែននេះត្រូវបានសាកល្បងដោយជោគជ័យដោយក្រុមហ៊ុនអាកាសចរណ៍សឹង្ហបុរី។ ជាមួយគ្នានោះក្រុមហ៊ុនអាកាសចរណ៍ជាង ២០ ដែលរួមមានទាំងក្រុមហ៊ុនអាកាសចរណ៍ Emirates ក្រុមហ៊ុនអាកាសចរណ៍ Qatar Airways និងក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines ក៏កំពុងធ្វើតេស្តលិខិតឆ្លងដែនឌីជីថលនេះផងដែរ។

គួរឲ្យដឹងថា ក្នុងនាមជាមជ្ឈមណ្ឌលពាណិជ្ជកម្មនៅអាស៊ី ប្រទេសសឹង្ហបុរីដែលមានករណីឆ្លងមេរោគកូរ៉ូណាវីរុសតិចតួចនៅក្នុងឆ្នាំនេះ បាននាំមុខគេក្នុងការអភិវឌ្ឍ និងប្រើប្រាស់បច្ចេកវិទ្យាក្នុងកំឡុងពេលមានជំងឺរាតត្បាត ហើយចង់ក្លាយជាប្រទេសដំបូងគេដែលបើកដំណើរការព្រឹត្តិការណ៍អន្តរជាតិនានា។

ទន្ទឹមនឹងនេះដែរ បណ្តាក្រុមហ៊ុនអាកាសចរណ៍សង្ឃឹមថា ប្រទេសជាច្រើនទៀតនឹងអនុម័តលិខិតឆ្លងដែនឌីជីថលនេះដើម្បីអនុញ្ញាតឱ្យមានការធ្វើដំណើរឡើងវិញលឿនជាងមុន និងជៀសវាងផលវិបាក និងការពន្យារពេលនៅអាកាសយានដ្ឋានដែលត្រូវការត្រួតពិនិត្យឯកសារជាច្រើន៕

អត្ថបទ៖ លីនី
ប្រភព៖ vietnamplus.