កម្ពុជា ស្នើឱ្យចិនបង្កើនកូតានាំចូលអង្ករ ខណៈប្រទេសសេដ្ឋកិច្ចយក្សមួយនេះ នៅតែជាទីផ្សារធំបំផុតនៃការនាំចេញអង្កររបស់កម្ពុជា
សេដ្ឋកិច្ច April 6, 2021 Khmernote

ប្រទេសកម្ពុជា បានស្នើសុំឱ្យប្រទេសចិនបង្កើនកូតាលើការនាំចូលអង្ករពីប្រទេសកម្ពុជាដល់ចំនួន ៥០០,០០០ តោន ពោលគឺកើនឡើងចំនួន ១០០,០០០ តោនពីកូតាបច្ចុប្បន្ន។ យោងតាមក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ការចរចាលើបញ្ហានេះ ជាមួយភាគីចិននឹងត្រូវធ្វើឡើងនៅឆ្នាំនេះ។

ជាមួយគ្នានេះ តួលេខពីសហព័ន្ធស្រូវអង្ករកម្ពុជាបានបង្ហាញថា ការនាំចេញអង្កររបស់កម្ពុជានៅត្រីមាសទី១ ឆ្នាំនេះមានចំនួន ១៥៣,៦៨៨ តោនដែលរកប្រាក់បាន ១០៩.៧៣ លានដុល្លារអាមេរិក។

សូមជម្រាបផងដែរថា អង្កររបស់កម្ពុជាត្រូវបាននាំចេញទៅកាន់ប្រទេសចំនួន ៤១ នៅជុំវិញពិភពលោក ហើយប្រទេសចិននៅតែជាទីផ្សារធំបំផុតនៃការនាំចេញអង្កររបស់កម្ពុជា (៥៥.៥៥ ភាគរយ) បន្ទាប់មក ១៩ ប្រទេសនៅអឺរ៉ុប និង ៣ ប្រទេសនៅអាស៊ាន (ម៉ាឡេស៊ី សិង្ហបុរី និងហ្វីលីពីន)៕

ប្រភព៖ ក្រសួងព័ត៌មាន