បើកភ្លាមមកភ្លែត! អ្នកទេសចរមកពី ២៨ប្រទេស បានមកកម្សាន្ត និងបង្ហាញចំណាប់អារម្មណ៍នៅភូកេត ក្រោយខេត្តមួយនេះប្រកាសបើកស្វាគមន៍ភ្ញៀវឡើងវិញ
ទេសចរណ៍ April 5, 2021 Khmernote

ខណៈពេលដែលប្រទេសថៃប្រកាសផែនការបើកស្វាគមន៍ភ្ញៀវទេសចរបរទេសឡើងវិញសម្រាប់កោះភូកេត ស្រាប់តែអ្នកទេសចរមកពី ២៨ប្រទេស​ បាន​បង្ហាញចំណាប់អារម្មណ៍ក្នុងការមកកម្សាន្តកោះភូកេត បន្ទាប់ពីរដ្ឋាភិបាលបានយល់ព្រមលើកលែងការដាក់នៅដាច់ដោយឡែកសម្រាប់ភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំង Covid-19 នេះបើយោងតាមប្រតិបត្តិករទេសចរណ៍នៅក្នុងខេត្តនេះ។

លោក Phumkit Raktaengam ប្រធានសមាគមទេសចរណ៍ភូកេតបានមានប្រសាសន៍ថា ទោះបីភ្ញៀវទេសចរបរទេសបានបង្ហាញការចាប់អារម្មណ៍ក៏ដោយ ក៏ពួកគេនៅតែអាចមើលឃើញប្រសិនបើពួកគេអាចបន្តផែនការដំណើរទស្សនកិច្ចរបស់ពួកគេ ដែលនឹងត្រូវបានអនុម័តដោយអាជ្ញាធរនៅក្នុងប្រទេសរបស់ពួកគេ។

ប្រភពដដែលបានឲ្យដឹងថា ក្នុងចំណោមប្រទេសចំនួន ២៨ មានភ្ញៀវទេសចរមកពីប្រទេសចិន សិង្ហបុរី រុស្ស៊ី អង់គ្លេស និងអាល្លឺម៉ង់ដែលត្រូវបានគេស្គាល់ថា ជាអ្នកធ្វើដំណើរទៅភូកេត។ កាលពីថ្ងៃសៅរ៍ កន្លងទៅនេះ ជើងហោះហើរលើកដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍ Thai Airway នៃជើងហោះហើរ TG921 របស់អាឡឺម៉ង់ បានចុះចតនៅអាកាសយានដ្ឋានភូកេត ដែលនេះជាការហោះហើរលើកដំបូងចាប់តាំងពីការចុះចតនៃការធ្វើដំណើរអន្តរជាតិ បានចាប់ផ្តើមកាលពីដើមឆ្នាំមុននៅពេលមានការរាតត្បាតដោយវីរុស Covid-19។

គួរបញ្ជាក់ផងដែរថា នៅក្នុងខែកក្កដា ភូកេត នឹងក្លាយជាខេត្តដំបូងគេដែលលើកលែងការធ្វើចត្តាឡីស័កសម្រាប់ភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សាំង Covid-19 រួចរាល់ ដែលជាផ្នែកមួយនៃផែនការរបស់រដ្ឋាភិបាលក្នុងការបើកប្រទេសឡើងវិញ។ ខេត្តនេះត្រូវបានគេរំពឹងថា នឹងទទួលភ្ញៀវទេសចរបរទេសចំនួន ១៥ ម៉ឺននាក់ចាប់ពីខែកក្កដាដល់ខែកញ្ញា ដោយទទួលបានប្រាក់ចំណូលប្រមាណ ៣០ ពាន់លានបាត។ ជាមួយគ្នានេះដែរ លោក Phumkit បាននិយាយថា ទោះបីមានកិច្ចព្រមព្រៀងអនុញ្ញាតឱ្យភ្ញៀវទេសចរដែលចាក់វ៉ាក់សាំងរួច គ្មានការកំនត់ក៏ដោយអាជ្ញាធរខេត្តនឹងបញ្ជូនព័ត៌មានលំអិតទៅមជ្ឈមណ្ឌលរដ្ឋបាល Covid-19 ដើម្បីគ្រប់គ្រងស្ថានភាព (CCSA)៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost