នាយករដ្ឋមន្រ្តីនូវែលហ្សេឡង់ ដំឡើងប្រាក់ឈ្នួលអប្បបរមាដល់ ២០ដុល្លារក្នុងមួយម៉ោង និងដំឡើងពន្ធទៅលើអ្នកមាន
សេដ្ឋកិច្ច April 2, 2021 Khmernote

កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ កន្លងទៅនេះ នាយករដ្ឋមន្រ្តីនូវែលហ្សេឡង់លោកស្រី Jacinda Ardern បានប្រកាសថា នឹងដំឡើងប្រាក់ឈ្នួលអប្បបរមាដល់ ២០ដុល្លារក្នុងមួយម៉ោង និងដំឡើងពន្ធទៅលើអ្នកមាន ពោលគឺដំឡើងអត្រាពន្ធប្រាក់ចំណូលខ្ពស់បំផុតនៅក្នុងប្រទេសដល់ ៣៩%។ យោងតាមប្រភពពីសារព័ត៌មានបរទេសបានឲ្យដឹងថា​ ការផ្លាស់ប្តូរប្រាក់ឈ្នួលអប្បបរមា និងគោលនយោបាយពន្ធបានចូលជាធរមាននៅក្នុងប្រទេសនូវែលហ្សេឡង់កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ម្សិលមិញនេះ។

ប្រភពបានឲ្យដឹងបន្ថែមថា ការកើនឡើងប្រាក់ឈ្នួលមានន័យថា ប្រាក់ចំណូលរបស់ប្រជាជននូវែលហ្សេឡង់ចំនួន ១៧៥,៥០០ នាក់នឹងត្រូវកើនឡើង ៤៤ ដុល្លារ ក្នុងមួយសប្តាហ៍។ ស្របពេលអ្នកមាន ឬ អ្នកដែលរកប្រាក់ចំណូលបានច្រើនជាង ១៨០,០០០ ដុល្លារអាមេរិកក្នុងមួយឆ្នាំ ឬ ប្រហែល ២ ភាគរយនៃប្រជាជននូវែលសេឡង់ នឹងត្រូវបង់ពន្ធ ៣៩% ដោយរដ្ឋាភិបាលរំពឹងថា ការដំឡើងពន្ធនេះ នឹងបង្កើនប្រាក់ចំណូលរបស់រដ្ឋដល់ ៥៥០ លានដុល្លារអាមេរិកនៅឆ្នាំនេះ។

យ៉ាងណាមិញក្រៅពី ការផ្លាស់ប្តូរប្រាក់ឈ្នួលអប្បបរមា និងគោលនយោបាយពន្ធ ការរ់ាប់រងលើសុខុមាលភាពសម្រាប់អ្នកគ្មានការងារធ្វើនិងកម្មករដែលឈឺ ក៏នឹងត្រូវបានកើនឡើងផងដែរ។ លើសពីនេះ អត្រាអត្ថប្រយោជន៍ក៏ត្រូវបានតំឡើង ៣.១% ដោយប្រាក់ឧបត្ថម្ភរបស់និស្សិតត្រូវបានកើនឡើង ហើយប្រាក់បញ្ញើចាំបាច់សម្រាប់អ្នកទិញផ្ទះលើកដំបូងបានកាត់បន្ថយពី ២០% នៃតម្លៃសរុបនៃទ្រព្យសម្បត្តិមកនៅត្រឹម ៥%។

គួរបញ្ជាក់ផងដែរថា យោងតាម ទិន្នន័យពីអង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) បានបង្ហាញថានៅឆ្នាំ ២០១៩ ប្រទេសនូវែលសេឡង់ស្ថិតនៅក្នុងប្រទេសកំពូលទាំង ៥ ដែលមានប្រាក់ឈ្នួលអប្បបរមាខ្ពស់បំផុត៕

អត្ថបទ៖ លីនី
ប្រភព៖ archyde ,independent