ប្រមុខរាជរដ្ឋាភិបាល៖ កម្ពុជានឹងទទួលបានភ្ញៀវក្នុងស្រុក ១១លាននាក់ នៅឆ្នាំ២០២៣ និងភ្ញៀវអន្តរជាតិ ៧លាននាក់ នៅឆ្នាំ២០២៥
ទេសចរណ៍ April 2, 2021 Khmernote

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញការរំពឹងទុកថា តាមរយៈការដាក់ចេញ «ផែនទីចង្អុលផ្លូវ (Roadmap) ស្តីពី ផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩» ដែលសម្ដេចបានអនុម័តរួចហើយនោះ វិស័យទេសចរណ៍កម្ពុជា នឹងងើបឡើងវិញ ជាមួយនឹងការទទួលបានភ្ញៀវទេសចរក្នុងស្រុកប្រមាណ ១១ លាននាក់ នៅឆ្នាំ២០២៣ និងភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧ លាននាក់ នៅឆ្នាំ២០២៥។

គួរជម្រាបថា នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ថ្មីៗកន្លងទៅនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអនុម័តរួចរាល់លើផែនទីចង្អុលផ្លូវ (Roadmap) ស្តីពី ផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩។ ជាមួយនឹងការអនុម័តលើផែនទីចង្អុលផ្លូវដ៏សំខាន់មួយនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានចេញបង្ហាញនូវលិខិតអារម្ភកថាដ៏ពិសេសមួយទៀត ជុំវិញការគាំទ្រផែនទីចង្អុលផ្លូវ (Roadmap) នេះ។

នៅក្នុងលិខិតអារម្ភកថានេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ផែនទីចង្អុលផ្លូវនេះ បានបង្ហាញនូវចក្ខុវិស័យច្បាស់លាស់សម្រាប់ការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្រោយជំងឺកូវីដ-១៩ ដោយបានបង្ហាញថា កម្ពុជាអាចនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧ លាននាក់ យ៉ាងយូរនៅឆ្នាំ២០២៥ និងភ្ញៀវទេសចរក្នុងស្រុកប្រមាណ ១១ លាននាក់ នៅឆ្នាំ២០២៣ ឡើងវិញ»។

ក្នុងន័យនេះ វិស័យទេសចរណ៍កម្ពុជាត្រៀមនឹងងើបឡើងវិញអាចក្រោមទម្រង់ជាអក្សរ U សម្រាប់ទេសចរណ៍អន្តរជាតិ និងទម្រង់អក្សរ V សម្រាប់ទេសចរណ៍ក្នុងស្រុក។ ក្នុងសារលិខិតដដែលនេះបានបញ្ជាក់ទៀតថា ជំងឺកូវីដ-១៩ បានបង្កឱ្យមានវិបត្តិដែលមិនធ្លាប់កើតមានឡើង និងបានផ្តល់ការភ្ញាក់ផ្អើលយ៉ាងខ្លាំងសម្រាប់កម្ពុជា តំបន់ និងសកលលោក។

សូមជម្រាបផងដែរថា ផលប៉ះពាល់នៃជំងឺកូវីដ-១៩ បាននាំឱ្យភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជាធ្លាក់ចុះ ៨០.២% និងភ្ញៀវទេសចរក្នុងស្រុកធ្លាក់ចុះក្នុងរង្វង់ប្រមាណ ២០% ជាមួយនឹងការខាតបង់ប្រាក់ចំណូលប្រមាណ ៣ ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២០៕

អត្ថបទ៖ លីនី
ប្រភព៖ ក្រសួងទេសចរណ៍