សិង្ហបុរីនឹងចូលរួមវិភាគទានជាង ២០លានដុល្លារ ដើម្បីជួយប្រទេសក្រីក្រក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត
សេដ្ឋកិច្ច April 1, 2021 Khmernote

ប្រទេសសិង្ហបុរី ដែលជារដ្ឋកូនកោះមានសេដ្ឋកិច្ចរីកចម្រើនមិនធម្មតានៅលើពិភពលោក បានប្រកាសនឹងចូលរួមវិភាគទានជាង ២០ លានដុល្លារអាមេរិក ដើម្បីជួយប្រទេសក្រីក្រក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19។ អាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) បាននិយាយនៅថ្ងៃទី ៣១ ខែមីនាថា ប្រទេសនេះនឹងចូលរួមវិភាគទានជាង ២០.៥ លានដុល្លារអាមេរិកដល់កិច្ចប្រឹងប្រែងអន្តរជាតិដើម្បីជួយប្រទេសដែលមានប្រាក់ចំណូលទាប និងងាយរងគ្រោះ ទប់ទល់នឹងផលប៉ះពាល់ខាងសេដ្ឋកិច្ចដោយជំងឺរាតត្បាត។

ជាងនេះទៅទៀតនោះ ប្រទេសនេះ នឹងផ្តល់ថវិកាចំនួន ១៩.៦ លានដុល្លារសម្រាប់ជំនួយមហន្តរាយរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងការផ្តល់ជំនួយសង្គ្រោះបន្ទាន់សម្រាប់គម្រោងអភិវឌ្ឍន៍សមត្ថភាពក្នុងវិបត្តិ Covid-19 ដោយបញ្ចូលទាំងថវិកាចំនួន ១៧.៦ លានដុល្លារដែលជាថវិកាចាស់ និងថវិកាដែលនៅសល់ពីការផ្ដល់ជំនួយដែលបានបញ្ជាក់ខាងលើសម្រាប់ជំនួយនេះ។ យ៉ាងណាមិញ ការផ្តល់ជំនួយនឹងត្រូវមានការយល់ព្រមពីសភានៅថ្ងៃទី ៥ ខែមេសា ឆ្នាំ២០២១ នេះជាមុនសិន៕

អត្ថបទ៖ លីនី
ប្រភព៖ vietnamplus