ចិន បើកផ្លូវរថភ្លើងដឹកទំនិញភ្ជាប់ជាមួយបណ្តាប្រទេសអាស៊ាន ដែលនឹងជួយជំរុញពាណិជ្ជកម្មកាន់តែប្រសើរឡើង
សេដ្ឋកិច្ច April 1, 2021 Khmernote

សេវាកម្មរថភ្លើងដឹកទំនិញថ្មីមួយភ្ជាប់ខេត្ត Hunan ភាគកណ្តាលប្រទេសចិន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ត្រូវបានបើកឲ្យដំណើរការដោយក្រុមហ៊ុនផ្លូវដែកចិន Guangzhou Group Co., Ltd កាលពីថ្ងៃទី ៣១ ខែមីនា។ យោងតាមការទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានរាយការណ៍ថា រថភ្លើងដឹកទំនិញផ្ទុកដោយផលិតផលឧស្សាហកម្មដូចជា silicon dioxide និងដែក បានចាកចេញពីខេត្ត Hunan នៅព្រឹកថ្ងៃដដែល។

ជាមួយគ្នានោះ ការដឹកជញ្ជូននឹងទៅដល់រដ្ឋធានី Hanoi របស់ប្រទេសវៀតណាមក្នុងរយៈពេលប្រហែល ៧ថ្ងៃ តាមរយៈតំបន់ស្វយ័ត Guangxi Zhuang ប្រទេសចិន។ ផ្លូវរថភ្លើងដឹកទំនិញថ្មីនេះ ត្រូវបានគេរំពឺងថា នឹងដំណើរការជារៀងរាល់សប្តាហ៍ បន្ទាប់ពីការសាកល្បងរយៈពេល ៣ខែ ហើយផ្លូវនេះនឹងជួយជំរុញពាណិជ្ជកម្មរវាងប្រទេសអាស៊ាន និងខេត្ត Hunan បន្ថែមទៀត។

គួរបញ្ជាក់ផងដែរថា អាស៊ាន គឺជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ចិនកាលពីឆ្នាំមុន ដោយទិន្នន័យបានបង្ហាញថានៅក្នុងឆ្នាំ២០២០ ទំហំពាណិជ្ជកម្មរវាងប្រទេសអាស៊ានទាំង ១០ និង ខេត្ត Hunan បានឈានដល់ ៨១.០៣ ពាន់លានយ័ន (ប្រហែល ១២.៣៥ ពាន់លានដុល្លារ) ពោល គឺកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ៣០.៩% និងមានចំនួន ១៦.៦% នៃពាណិជ្ជកម្មបរទេសសរុបរបស់ ខេត្ត Hunan។

ទន្ទឹមនឹងនោះដែរ ទំហំពាណិជ្ជកម្ម ASEAN-Hunan បានកើនឡើងបន្ថែមទៀតគឺ ៨៦.៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដល់ ១០.១៥ ពាន់លានយ័នក្នុងរយៈពេល ២ ខែដំបូងនៃឆ្នាំ២០២១៕

អត្ថបទ៖ លីនី
ប្រភព៖ vietnamplus