យោងតាមទិន្នន័យពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងការច្នៃប្រឌិតបានបង្ហាញថា ការនាំចេញផលិតផលឧស្សាហកម្មរបស់កម្ពុជារួមមាន ផលិតផលកាត់ដេរមានតម្លៃ ៦.៣៧ ពាន់លានដុល្លារក្នុងឆ្នាំ២០២០ ដែលបង្ហាញពីការថយចុះ ៤៣% ពីមួយឆ្នាំទៅមួយឆ្នាំ។ ជាមួយគ្នានេះរបាយការណ៍បានបង្ហាញផងដែរថា ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញសម្រាប់ធ្វើដំណើរមានត្រឹមតែ ៣ ពាន់លានដុល្លារប៉ុណ្ណោះ ពោលគឺធ្លាក់ចុះពី ៩.៣២ ពាន់លានដុល្លារអាមេរិកធៀបនឹងឆ្នាំ ២០១៩។
របាយការណ៍ដដែលក៏បានបង្ហាញថា ផលិតផលមិនមែនកាត់ដេរ រួមមាន គ្រឿងអេឡិចត្រូនិច ផលិតផលស្បែក កៅស៊ូនិងផ្លាស្ទិក កង់ រួមទាំងអាហារនិងភេសជ្ជៈ ក៏បង្ហាញពីការការថយចុះក្នុងការនាំចេញដូចគ្នា។

លើសពីនេះយោងតាមរបាយការណ៍បានបង្ហាញថា រោងចក្រឧស្សាហកម្មថ្មីចំនួន ២៣៥ ត្រូវបានបើកកាលពីឆ្នាំមុន ដែលធ្លាក់ចុះ ១២% បើប្រៀបធៀបទៅនឹងឆ្នាំ២០១៩ ដែលធ្វើឱ្យចំនួនរោងចក្រសរុបនៅក្នុងប្រទេសឡើងដល់ ១,៨៦៤ ។ ទន្ទឹមនឹងនោះ មានរោងចក្រឧស្សាហកម្មចំនួន ១០១ ត្រូវបានបិទទ្វារនៅឆ្នាំ២០២០ កើនឡើង ៥០% បើប្រៀបធៀបទៅនឹងឆ្នាំ២០១៩។

សូមជម្រាបផងដែរថា នៅឆ្នាំ២០១៩ កម្ពុជាបាននាំចេញផលិតផលឧស្សាហកម្មរួមមានផលិតផលកាត់ដេរមានតម្លៃ ១១.១៨ ពាន់លានដុល្លារ ពោលគឺកើនឡើង ១៤% ធៀបទៅនឹងរយៈពេលពីមួយឆ្នាំទៅមួយឆ្នាំ៕

ប្រភព៖ ក្រសួងព័ត៌មាន


