ត្រីមាស​ដំបូងនៃឆ្នាំថ្មី ២០២១ ចំនួនភ្ញៀវទេសចរបរទេសមកកាន់ប្រទេសវៀតណាមធ្លាក់ចុះ ៩៩%
ទេសចរណ៍ March 31, 2021 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកបាន​ឲ្យដឹងថា ក្នុងត្រីមាសទី១ នៃឆ្នាំថ្មីនេះ ចំនួនភ្ញៀវទេសចរបរទេសមកកាន់ប្រទេសវៀតណាម បានធ្លាក់ចុះ ៩៨.៧% មកត្រឹមចំនួន ៤៨,០០០ នាក់ បើធៀបនឹងឆ្នាំមុនៗ ដោយសារការរឹតត្បិតការធ្វើដំណើរនៅទូទាំងពិភពលោក ដើម្បីកាត់បន្ថយការរីករាលដាលនៃវីរុស Covid-19។

យោងតាមការិយាល័យស្ថិតិទូទៅ (GSO) បានឱ្យដឹងថា ក្នុងចំណោមអ្នកដំណើរជិត ៥ម៉ឺននាក់ ដែលបានមកប្រទេសវៀតណាមនោះ ភាគច្រើនជាអ្នកជំនាញបរទេស អ្នកវិនិយោគ និងកម្មករ ដែលមានជំនាញខ្ពស់ដែលត្រូវបានអនុញ្ញាតឱ្យចូលក្នុងប្រទេសសម្រាប់គោលបំណងការងារ ឬ អ្នកបើកបរដឹកជញ្ជូនទំនិញ តាមច្រកព្រំដែន។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១ ខែកុម្ភៈឆ្នាំមុន លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានប្រកាសថា មានការផ្ទុះឡើងនៃជំងឺរាតត្បាត Covid-19 នៅក្នុងប្រទេស។ ការផ្ទុះឡើងនេះ បានបង្ខំឲ្យរដ្ឋាភិបាលបិទព្រំដែន និងបានលុបចោលជើងហោះហើរអន្តរជាតិទាំងអស់ចាប់តាំងពីថ្ងៃទី ២៥ ខែមីនាឆ្នាំមុន លើកលែងតែករណីចាំបាច់ណាមួយ និងការធ្វើមាតុភូមិនិវត្តន៍ក្នុងលក្ខខណ្ឌតឹងរ៉ឹង។ ជាមួយគ្នានេះ ដោយសារតែការបិទព្រំដែន និងការរឹតត្បិតការធ្វើដំណើរ ចំនួនភ្ញៀវទេសចរបរទេសក្នុងប្រទេសវៀតណាមក្នុងឆ្នាំ ២០២០ បានធ្លាក់ចុះ ៧៩% បើធៀបទៅនឹងឆ្នាំមុនៗ៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress