រដ្ឋាភិបាលថៃ រំពឹងថា ភ្ញៀវទេសចរបរទេសប្រមាណ ២លាននាក់នឹងមកកម្សាន្តនៅកោះភូកេត ក្នងឆ្នាំនេះ ដោយក្នុងចំណោមភ្ញៀវទេសចរទាំងនោះ ភាគច្រើនជាជនជាតិចិន និងអឺរ៉ុប។ ក្ដីរំពឹងនេះ បានកើតមានឡើង បន្ទាប់ពីកោះរមណីយដ្ឋានដែលមានប្រជាប្រិយបំផុតរបស់ប្រទេសថៃមួយនេះ បានបើកស្វាគមន៍ចំពោះភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងរួចនៅថ្ងៃទី០១ ខែកក្កដា ខាងមុខនេះ។
យោងតាមលោក Vichit Prakobgosol អនុប្រធានក្រុមប្រឹក្សាទេសចរណ៍ថៃបានឱ្យដឹងថា អ្នកដំណើរក្នុងឱកាសឈប់សម្រាកអាចបង្កើតប្រាក់ចំណូលប្រហែល ១០៥ ពាន់លានបាត (៣.៤ ពាន់លានដុល្លារ) នៅក្នុងឆមាសទី២ ដោយប្រាក់ចំណូលនេះនឹងក្លាយជាលើកទីមួយក្នុងរយៈពេលជាងមួយឆ្នាំ ដែលកោះនេះអនុញ្ញាតឱ្យភ្ញៀវទេសចរមកកម្សាន្តដោយគ្មានការដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ២ សប្តាហ៍។

លោក Vichit បានបន្តថា ប្រទេសចិន រុស្ស៊ី អង់គ្លេស អាល្លឺម៉ង់ បារាំង ស៊ុយអែត និងសហរដ្ឋអាមេរិក ទំនងជាប្រភពដើមដ៏សំខាន់សម្រាប់ភ្ញៀវទេសចរទៅកាន់ភូកេត។ ជាមួយគ្នានវលោកបានសង្កត់ធ្ងន់ថា ជនជាតិចិនដែលជាក្រុមភ្ញៀវទេសចរធំបំផុតទៅកាន់ប្រទេសថៃមុនពេលមានជំងឺរាតត្បាតនោះ ត្រូវបានគេរំពឹងថានឹងវិលត្រឡប់មកវិញនៅខែកក្កដា តាមជើងហោះហើរជាលក្ខណៈទេសចរណ៍ ខណៈភ្ញៀវមកពីអឺរ៉ុបទំនងជានឹងចាប់ផ្តើមមកដល់អំឡុងរដូវរងារ។
គួរឲ្យដឹងផងដែរថា ផែនការរបស់ភូកេត ដើម្បីលុបចេញការធ្វើចត្តាឡីស័កសម្រាប់ភ្ញៀវទេសចរបរទេស គឺជាផ្នែកមួយនៃការបើកព្រំដែនរបស់ប្រទេសថៃបន្តិចម្តងៗ ខណៈវិស័យទេសចរណ៍បានចូលរួមចំណែកប្រហែលមួយភាគប្រាំនៃសេដ្ឋកិច្ចមុនពេលផ្ទុះឡើងនៃរាតត្បាត Covid-19 ។ ទន្ទឹមនឹងនោះដែរ ការបើកឡើងវិញនូវកោះភូកេតដោយជោគជ័យ ទទួលភ្ញៀវទេសចរបរទេសដែលធ្លាប់បានចូលរួមចំណែកស្ទើរតែ ៩០% នៃចំណូលពីទេសចរណ៍របស់កោះនេះ អាចបើកផ្លូវសម្រាប់ទិសដៅពេញនិយមផ្សេងទៀតដើម្បីបញ្ចប់ការរឹតត្បិតការធ្វើដំណើរ៕


អត្ថបទ៖ លីនី
ប្រភព៖ bangkokpost


