រាជរដ្ឋាភិបាលកម្ពុជាកំពុងចរចាទិញវ៉ាក់សាំងកូវីដ-១៩ ស៊ីណូវ៉ាក់ ចំនួន ៤លានដូសបន្ថែមទៀតពីចិន ដើម្បីចាក់ជូនពលរដ្ឋឥតគិតថ្លៃ
សេដ្ឋកិច្ច March 27, 2021 Khmernote

រាជរដ្ឋាភិបាលកម្ពុជា កំពុងចរចាទិញវ៉ាក់សាំងកូវីដ-១៩ ស៊ីណូវ៉ាក់ ចំនួន៤លានដូសបន្ថែមទៀតពីចិន ដើម្បីចាក់ជូន​ប្រជាពលរដ្ឋ​ឥតគិតថ្លៃ ទៅតាមផែនការដែលបានគ្រោងទុក ។ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា មានគម្រោងចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋឱ្យបានរហូតដល់ជាង ១០លាននាក់ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ប្រកបដោយប្រសិទ្ធភាព និងស្តារសេដ្ឋកិច្ចដែលរងផលប៉ះពាល់ឡើងវិញ។

លោកជំទាវបានបន្តថា ដើម្បីសម្រេចបានតាមផែនការនេះ កម្ពុជាបានដាក់ចេញផែនការ និងកំពុងស្វះស្វែងរកវ៉ាក់សាំង ជាបន្តបន្ទាប់ទៀត តាមរយៈប្រទេសជាមិត្ត និងតាមរយៈយន្តការកូវ៉ាក់ (COVAC) ដែលបច្ចុប្បន្ននេះ កម្ពុជាកំពុងធ្វើការចរចាទិញវ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ៤លានដូសបន្ថែមទៀត ។

លោកជំទាវបានបន្ថែមថា វ៉ាក់សាំង Sinovac ដែលផលិតដោយក្រុមហ៊ុនចិន Sinovac Biotech មានតម្លៃ ១០ដុល្លារក្នុង១ដូស វាមានលក្ខខណ្ឌប្រើប្រាស់ និងប្រសិទ្ធភាពមិនខុសប្លែកពីវ៉ាក់សាំង Sinopharm នោះទេ ហើយជីវិតវ៉ាក់សាំងថ្មីនេះ អាចប្រើប្រាស់បានក្នុងរយៈពេល ៣៦ខែ ប៉ុន្តែក្រុមហ៊ុនបាន ណែនាំឱ្យចាក់ក្នុងរយៈពេល៦ខែ ដើម្បីកាន់តែទទួលបានប្រសិទ្ធភាព។

សូមបញ្ជាក់ថា នាពេលកន្លងទៅ កម្ពុជាទទួលវ៉ាក់សាំង៣មុខរួចទៅហើយ គឺវ៉ាក់សាំងស៊ីណូហ្វាម Sinopharm ជាជំនួយរបស់ចិនចំនួន៦០ម៉ឺនដូស និងវ៉ាក់សាំងកូវ៉ាស៊ែល Covishield ចំនួន៣២ម៉ឺនដូស ដែលជាជំនួយរបស់អង្គការសុខភាពពិភពលោក តាមរយៈយន្តការកូវ៉ាក់ និងលើកទី៣នេះគឺ វ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac)ចំនួន១.៥លានដូសបានចំណាយថវិកាចំនួន១៥លានដុល្លារសម្រាប់ចាក់ជូនឱ្យប្រជាពលរដ្ឋឥតគិតថ្លៃ៕

ប្រភព៖ ក្រសួងព័ត៌មាន