ក្រសួងអប់រំ យុវជន និង កីឡា និងភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីគម្រោងកសាងសមត្ថភាពបច្ចេកវិទ្យាព័ត៌មានសម្រាប់ ការអប់រំនៅមធ្យមសិក្សាបឋមភូមិនៅកម្ពុជា ដែលមានទឹកប្រាក់ចំនួន ៧លានដុល្លារអាមេរិក ក្នុងគោលបំណងចូលរួមក្នុងការកែលម្អគុណភាពអប់រំ និងការបណ្តុះបណ្តាលបុគ្គលិកលើផ្នែកបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) នៅកម្រិតមធ្យមសិក្សាបឋមភូមិ។
ពិធីចុះហត្ថលេខានេះ បានរៀបចំឡើងតាមប្រព័ន្ធអនឡាញ ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក Rho Hyunjun នាយកភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េប្រចាំនៅកម្ពុជា កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១។
ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន បានមានប្រសាសន៍ថា គម្រោងកសាងសមត្ថភាពបច្ចេកវិទ្យាព័ត៌មានសម្រាប់ការអប់រំនៅមធ្យមសិក្សាបឋមភូមិនៅកម្ពុជា មានទំហំថវិកា ចំនួន ៧លានដុល្លារអាមេរិក ដែលត្រូវអនុវត្តន៍រយៈពេល ០៥ឆ្នាំ ចាប់ពីឆ្នាំ ២០២១-២០២៦ គាំទ្រថវិកាដោយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ តាមរយៈភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA)។
ឯកឧត្ដមបណ្ឌិតសភាចារ្យ បានបន្ដថា គម្រោងនេះនឹងផ្ដោតលើសកម្មភាពជាអាទិភាពរួមមាន ការកែលម្អកម្មវិធីសិក្សា និងសៀវភៅសិក្សាគោល ICT អភិវឌ្ឍន៍សមត្ថភាពលើការបង្រៀន និងរៀន ICT ពង្រឹងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ICT នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ និងសាលាគោលដៅ ព្រមទាំងពង្រឹង និងជំរុញ ការដឹកនាំគ្រប់គ្រងការអនុវត្តកម្មវិធី ICT នៅកម្រិតសាលារៀន។

ឯកឧត្ដមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលបានគាំទ្រទាំងធនធានហិរញ្ញវត្ថុ និងបចេ្ចកទេសលើការអនុវត្តគម្រោង និងមានជំនឿយ៉ាងមុតមាំថា គម្រោងនេះ នឹងជាឱកាសថ្មីមួយបន្ថែមទៀតក្នុងការជួយកែលម្អគុណភាពការអប់រំនៅកម្រិតមធ្យមសិក្សាបឋមភូមិ ស្របតាមបរិបទនៃការអប់រំបែបឌីជីថលកម្ពុជា៕

ប្រភព៖ ក្រសួងព័ត៌មាន


