ពេញមួយឆ្នាំ២០២០ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ១.៣ លាននាក់ ខណៈប្រជាជននៃប្រទេស ៣នេះមកកម្ពុជាច្រើនជាងគេ
ទេសចរណ៍ March 25, 2021 Khmernote

យោងតាមទិន្នន័យចុងក្រោយពីក្រសួងទេសចរណ៍បង្ហាញថា កម្ពុជាទទួលបានភ្ញៀវអន្តរជាតិចំនួន ១.៣ លាននាក់កាលពីឆ្នាំមុន ដែលបង្ហាញពីការធ្លាក់ចុះ ៨០% ប្រៀបធៀបទៅនឹងឆ្នាំមុនៗ។ ប្រភពដដែលបានចង្អុលបង្ហាញថា ទេសចរចិនបានឈរនៅលំដាប់ទី១ លើទីផ្សាទេសចរណ៍របស់ព្រះរាជាណាចក្រកម្ពុជាដែលមានចំនួន ៣២៩,៦៧៣ ធ្លាក់ចុះ ៨៦% បើប្រៀបធៀបទៅនឹងឆ្នាំមុន។

ជាមួយគ្នានេះ បន្ទាប់ពីទេសចរចិន ភ្ញៀវទេសចរមកពីប្រទេសថៃ ឈរនៅលំដាប់លេខ២ ដោយមានចំនួន ២១០,៨៨៦នាក់និងវៀតណាមឈរនៅលេខ៣ ក្នុងចំនួន ១៨២,១៩៩ នាក់។ ទន្ទឹមនឹងនេះដែរ ក្នុងចំណោមភ្ញៀវទេសចរបរទេសសរុប ៥៨% បានមកដល់ប្រទេសកម្ពុជាតាមរយៈ ការដឹកជញ្ជូនតាមផ្លូវអាកាស និងតួលេខដែលនៅសល់ គឺតាមរយៈផ្លូវគោក និងផ្លូវទឹក។

គួរបញ្ជាក់ផងដែរថា វីរុសកូវីដ-១៩ មិនត្រឹមតែសម្លាប់មនុស្សជាតិនោះទេ តែក៏បានសម្លាប់វិស័យជាច្រើនផងដែរនៅលើពិភពលោក។ ជាក់ស្ដែងនៅកម្ពុជា វីរុសរាតត្បាតនេះបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់វិស័យទេសចរណ៍ ដែលជាសសរស្តម្ភសេដ្ឋកិច្ចដ៏សំខាន់មួយ។ ខណៈនៅឆ្នាំ ២០១៩ កម្ពុជាបានទទួលភ្ញៀវទេសចរបរទេសចំនួន ៦.៦ លាននាក់កើនឡើង ៦% បើប្រៀបធៀបទៅនឹងឆ្នាំ២០១៨៕

ប្រភព៖ information