មិនឲ្យចាញ់ប្រទេសជិតខាង! ថៃ ដាក់ចេញវិធានការណ៍ ដើម្បីបង្កើនការនាំចេញអង្ករ ៦លានតោននៅឆ្នាំនេះ
សេដ្ឋកិច្ច March 25, 2021 Khmernote

ខណៈការនាំចេញអង្ករធ្លាក់ចុះខ្លាំង ក្នុងរយៈចុងក្រោយនេះ ក្រសួងពាណិជ្ជកម្មថៃបានដាក់ចេញនូវវិធានការណ៍ដើម្បីបង្កើនការនាំចេញអង្ករដល់ ៦ លានតោននៅឆ្នាំនេះ ដែលមានតម្លៃប្រហែល ១៥០ ពាន់លានបាត។ ការដាក់ចេញវិធានការណ៍បង្កើនការនាំចេញនេះ គឺស្របពេលដែលប្រទេសឥណ្ឌូនេស៊ី ចិន បង់ក្លាដែស និងអ៉ីរ៉ាក់ បានក្លាយជាទីផ្សារសំខាន់ក្រោមកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល (G2G)។

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មលោក Jurin Laksanawisit បាននិយាយកាលពីថ្ងៃពុធថាកិច្ចព្រមព្រៀង G2G និងយុទ្ធនាការដើម្បីធ្វើឱ្យអង្ករថៃត្រូវបានទទួលស្គាល់នៅក្នុងសហគមន៍ដទៃទៀតនៅជុំវិញពិភពលោក នឹងជួយជំរុញការបង្កើនបរិមាណនាំចេញពីឆ្នាំមុនចំនួន ៥.៧ លានតោន។

លោកបាន​បន្តថា ក្រសួងកំពុងធ្វើការជាមួយសមាគមអ្នកនាំចេញអង្ករថៃ ដើម្បីលើកកម្ពស់អង្ករថៃក្រោមយុទ្ធនាការ “ ពេលគិតពីអង្ករ នឹងនឹកដល់អង្ករថៃ ” ។ ជាមួយគ្នានេះលោកបានបន្ថែមថា ប្រទេសថៃទទួលបានជោគជ័យក្នុងការធ្វើឱ្យអង្ករថៃល្បីល្បាញនៅក្នុងប្រទេសកាណាដា ដោយបង្កើនការនាំចេញរបស់ខ្លួនទៅកាន់ប្រទេសនេះពី ២១% ទៅ ១២០,០០០ តោនកាលពីឆ្នាំមុនពី ៨០,០០០ តោនក្នុងឆ្នាំ ២០១៩។

ភាពជោគជ័យនេះ គឺដោយសារមន្រ្តីបានផ្សព្វផ្សាយអង្ករថៃតាមបណ្តាញអ៉ីនធឺណេត និងតាមរយៈការលាយបញ្ចូលគ្នារវាងអាហារថៃជាមួយមុខម្ហូបដែលមានប្រជាប្រិយនៅក្នុងប្រទេសកាណាដាដូចជា តាមរយៈការណែនាំរូបមន្តសាឡាត់អង្ករ និងដោយធ្វើការជាមួយសាលាធ្វើម្ហូបកាណាដាដើម្បីលើកកម្ពស់អង្ករថៃ។

លើសពីនេះលក្ខណៈពិសេសប្លែកមួយនៃអង្ករថៃ គឺបរិមាណស្ករទាបបំផុត ដែលនេះនឹងធ្វើឱ្យវាក្លាយជាជម្រើសដែលពេញចិត្តក្នុងចំណោមជនជាតិកាណាដា។ យ៉ាងណាមិញ ដើម្បីសំរេចគោលដៅសម្រាប់ឆ្នាំ២០២១ ប្រទេសថៃត្រូវតែនាំចេញអង្ករយ៉ាងតិច ៥០០,០០០ តោនក្នុងមួយខែ បើទោះបីបរិមាណនាំចេញក្នុងខែមករា និងកុម្ភៈគឺទាបជាងកំរិតគោលនេះ ដោយសារតែតម្លៃខ្ពស់បើប្រៀបធៀបជាមួយអ្នកនាំចេញដែលបណ្តាលមកពីការកើនឡើងនៃប្រាក់បាត និងការផ្គត់ផ្គងទាប៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost