ថៃទម្លាក់ថវិកាបន្ថែមជាង ១១ ពាន់លានដុល្លារ ដើម្បីជួយដល់សហគ្រាសដែលរងផលប៉ះពាល់ពីកូវីដ និងប្រជាជនដែលគ្មានលទ្ធភាពសងបំណុល
សេដ្ឋកិច្ច March 24, 2021 Khmernote

គណៈរដ្ឋមន្រ្តីថៃនៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២១ នេះ បានអនុម័តលើវិធានការណ៍គាំទ្រហិរញ្ញវត្ថុដែលមានទឹកប្រាក់សរុប ៣៥០ ពាន់លានបាត (១១.៣ ពាន់លានដុល្លារ) ដើម្បីជួយដល់អាជីវកម្មដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតរ៉ាំរ៉ៃ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម បានឲ្យដឹងថា វិធានការណ៍ទាំងនោះរួមមាន៖ ផែនការផ្តល់ប្រាក់កម្ចីទន់ចំនួន ២៥០ ពាន់លានបាតសម្រាប់សហគ្រាសធុនតូចនិងមធ្យម និងកម្មវិធី ១០០ពាន់លានបាត ឬហៅថា “ឃ្លាំងទ្រព្យសកម្ម” ដើម្បីគាំទ្រដល់ប្រជាជនដែលជំពាក់បំណុល ហើយមិនមានលទ្ធភាពសងប្រាក់កម្ចីរបស់ពួកគេ។

សារព័ត៌មានដដែលបានបន្តឲ្យដឹងថា ជំហានដើម្បីផ្តល់ឥណទានបន្ថែមទៀតដល់អាជីវកម្មបានកើតឡើងមួយថ្ងៃ មុនការសម្រេចចិត្តអត្រាការប្រាក់របស់ធនាគារកណ្តាល ដោយធនាគារថៃរំពឹងថានឹងរក្សាអត្រាការប្រាក់របស់ខ្លួនក្នុងអត្រាទាបបំផុត ០.៥% សម្រាប់ការប្រជុំលើកទី ៧។

ជាមួយគ្នានេះដែរ សេដ្ឋកិច្ចត្រូវបានគេរំពឹងថា នឹងវិលត្រឡប់ទៅរកកម្រិតមុនពេលដែលវីរុសរាតត្បាត នៅក្នុងត្រីមាសទីបីនៃឆ្នាំក្រោយជាមួយនឹងការស្ទុះងើបឡើងវិញយឺត និងមិនស្មើគ្នាដោយសារវិស័យទេសចរណ៍នៅមានភាពយឺតយ៉ាវ។ ទន្ទឹមនឹងនេះ បើតាមប្រសាសន៍របស់លោក Sethaput Suthiwartnarueput ទេសាភិបាលធនាគារកណ្តាល សេដ្ឋកិច្ចដែលពឹងផ្អែកលើវិស័យទេសចរណ៍អាចចំណាយពេលយ៉ាងតិច ៤ ទៅ ៥ឆ្នាំ ដើម្បីមើលឃើញចំនួនភ្ញៀវទេសចរបរទេសត្រឡប់មករកកម្រិតធម្មតាវិញ គឺប្រមាណ ៤០ លាននាក់ក្នុងមួយឆ្នាំ៕

អត្ថបទ៖ លីនី
ប្រភព៖ vietnamplus