ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កំពុងរកដំណោះស្រាយលើកត្តាជាច្រើនដែលធ្វើឱ្យសេវាទូរស័ព្ទខ្សោយ និងមិនមានគុណភាពល្អ ដើម្បីធ្វើឱ្យប្រជាពលរដ្ឋមានសេវាទូរស័ព្ទ និងអ៉ីនធឺណិតល្អប្រសើរជាងមុន ដែលជាប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ ។ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានមានប្រសាសន៍ថា ក្រសួងបាននិងកំពុងគិតគូរពីការសង់ បង្គោល អង់តែនរួម គឺអនុក្រឹត្យហេដ្ឋារចនាសម្ព័ន្ធរួម ដែលនៅពេលអនុក្រឹត្យនេះដាក់ចេញឱ្យអនុវត្តន៍ គឺបង្គោលអង់តែននេះ អាចឱ្យក្រុមហ៊ុនទូរស័ព្ទនិងអ៊ិនធឺណិតពី៣ទៅ ៤ក្រុមហ៊ុន អាចមកបំពាក់ឧបករណ៍សេវារួមគ្នា ដោយធ្វើឱ្យតម្លៃមានការធ្លាក់ចុះ និងគុណភាពសេវាកាន់តែមានភាពល្អប្រសើរជាងពេលបច្ចុប្បន្ននេះ។
ឯកឧត្តមបន្តថា នៅតាមទីកន្លែងមួយចំនួនដែលប្រជាពលរដ្ឋ មិនព្រមឱ្យខាងក្រុមហ៊ុនទូរស័ព្ទសាងសង់បង្គោលអង់តែន ដោយពួកគាត់យល់ឃើញថា បង្គោលអង់តែនអាចធ្វើឱ្យប៉ះពាល់ដល់សុខភាព ប៉ុន្តែបង្គោលទាំងនេះ មិនធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋនោះទេ ដោយសារកម្តៅរបស់អង់តែនតិចជាងកម្តៅរបស់ព្រះអាទិត្យទៅទៀត។ ចំណែកឯ នៅតាមបុរីមួយចំនួន គឺម្ចាស់បុរីបានផ្តល់សិទ្ធិផ្តាច់មុខទៅឱ្យក្រុមហ៊ុនណាមួយ ដើម្បីតខ្សែបណ្តាញអ៊ិនធឺណិតចូល ដោយនៅក្នុងបុរីមិនមានបង្គោលអង់តែន ធ្វើឱ្យប្រជាពលរដ្ឋមានបញ្ហាសេវាទូរស័ព្ទដូចគ្នា។

« ប៉ុន្តែកន្លងមកយើងមិនបានសហការគ្នា ម្ចាស់អគារអាងតែខ្លួនម្ចាស់អគារមានលុយសង់អគារ អត់ឱ្យអ្នកណាធ្វើទាំងអស់ ចឹងម្ចាស់អគារត្រូវយល់ថានេះជាសេវាសាធារណៈដែរ ដូចសេវាទឹកភ្លើងចឹងមិចបានយើងឱ្យទឹកចូលអគារឱ្យភ្លើងចូលអគារយើង ហើយទូរស័ព្ទម៉េចបានមិនឱ្យចូល គ្រាន់តែទូរស័ព្ទគឺក្រុមហ៊ុនឯកជនអ្នកប្រតិបត្តិការតែប៉ុណ្ណោះ ហើយម្ចាស់អគារត្រូវដឹងថា អ្នកដែលចូលអគារយើងគឺបើមានសេវាទើបគេយល់ឃើញថាអគារយើងល្អ នេះគឺជាចំ ណុចដែលយើងកែទម្រង់ » ។

ឯកឧត្តម ជា វ៉ាន់ដេត បានបន្ថែមថា បច្ចុប្បន្ននេះនៅតាមទីក្រុង ទីប្រជុំជន មានការកសាងសំណង់ខ្ពស់ៗជាច្រើន ធ្វើឱ្យសេវាទូរស័ព្ទខ្លះត្រូវបានបិទបាំង ដែលបញ្ជូនសេវាមានភាពរអាក់រអួល ។ ម្យ៉ាងទៀត បង្កោលអង់តែនមានគម្លាតឆ្ងាយៗពីគ្នាពេក និងអង់តែនខ្លះមានការកំណត់ចំនួនមនុស្សក្នុងការប្រើប្រាស់ ខណៈដែលបច្ចុប្បន្ននេះមានកំណើនអ្នកប្រើប្រាស់កើនឡើងច្រើន ក៏ធ្វើឱ្យសេវាមានភាពយឺតយ៉ាវផងដែរ ដែលបញ្ហាទាំងអស់នេះ ក្រសួងត្រូវតែដោះស្រាយជាបន្តបន្ទាប់ ។

សូមបញ្ជាក់ថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក៏កំពុងគ្រោងគិតគូរបង្កើតអេប(App)មួយ អាចឱ្យប្រជាពលរដ្ឋចូលរួមរាយការណ៍ពីតំបន់ដែលគ្មានសេវាទូរស័ព្ទ ដើម្បីជួយឱ្យក្រសួងអាចក្តោបព័ត៌មានបានងាយស្រួល ជាពិសេសឱ្យស្របតាមចក្ខុវិស័យរបស់ក្រសួងផ្ទាល់ ក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិទាំងមូល៕


ប្រភព៖ ក្រសួងព័ត៌មាន


