ដំណឹងល្អ! ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ត្រូវបានដាក់ឲ្យដំណើរការសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ជាបណ្ដោះអាសន្នហើយ
សេដ្ឋកិច្ច March 23, 2021 Khmernote

យោងតាមការឲ្យដឹងពីឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីនៃក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានឯកភាពឲ្យបើកដំណើរការស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ឲ្យប្រជាពលរដ្ឋប្រើប្រាស់ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ នេះតទៅ។ ឯកឧត្តមទេសរដ្ឋមន្រ្តីបានលើកឡើងដូច្នេះ នៅក្នុងដំណើរចុះត្រួតពិនិត្យស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ កាលពីព្រឹកមិញនេះ។

ឯកឧត្តមបានបន្តថា ការឲ្យបើកដំណើរការជាបណ្ដោះអាសន្ននេះ ទទួលបានការឯកភាព បន្ទាប់ពីឯកឧត្តមបានស្នើសុំការអនុញ្ញាតទៅកាន់សម្ដេចតេជោ ដើម្បីដាក់ឲ្យបងប្អូនប្រជាពលរដ្ឋបានប្រើប្រាស់ស្ពាននេះ ក្នុងគោលបំណងជួយកាត់បន្ថយការកកស្ទះចរាចរណ៍នាបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ ក៏ដូចជាមិនចង់ឲ្យប្រជាពលរដ្ឋធ្វើដំណើតាមសាឡាងឆ្លងដូចសព្វដង។

យ៉ាងណាមិញ ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ នេះនឹងត្រូវដាក់សម្ភោធឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅពេលដែលកម្ពុជាអាចគ្រប់គ្រងការរាតត្បាតនៃវីរុសកូវីដ-១៩ និងនៅពេលវេលាសមស្របណាមួយ។

សូមជម្រាបផងដែរថា ស្ពានស្ទឹងត្រង់-ក្រូចឆ្មារមានប្រវែង សរុប១.១៣១ម៉ែត្រ និងទទឹង ១៣,៥០ម៉ែត្រ ជាប្រភេទស្ពានបេតុងសរសៃដែក ហើយត្រូវបានបើកការដ្ឋាន សាងសង់កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រោមការចំណាយថវិកាចំនួន ៥៦.៩៩៨ លានដុល្លារ នឹងប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤២ខែ ប៉ុន្តែត្រូវបានបញ្ចប់មុនការគ្រោងទុក៕

អត្ថបទ៖ លីនី