លឿនណាស់! ការដ្ឋាន​ស្ថាបនា​មហាវិថីថ្មីទទឹង ៣០ម៉ែត្រ​តភ្ជាប់ពីផ្លូវ១០០៣ កាត់តាមហ្គ្រេនភ្នំពេញដល់មហាវិថី ឈ្នះឈ្នះ សម្រេចបាន៩០%ហើយ
សេដ្ឋកិច្ច March 22, 2021 Khmernote

រាជធានីភ្នំពេញ​៖​ លោក​ សាំ​ ពិសិដ្ឋ​ នាយកមន្ទីរសាធារណការ​ និងដឹកជញ្ជូនរាជធានីភ្នំពេញ​ បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី២២ខែមីនានេះថា ការដ្ឋានស្ថាបនាមហាវិថីថ្មីចាប់ពីផ្លូវ១០០៣ កាត់​តាម​ហ្គ្រេនភ្នំពេញ​ ដល់មហាវិថី ឈ្នះ ឈ្នះ ស្ថិតក្នុងខណ្ឌឫស្សីកែវសម្រេចបាន៩០ភាគរយហើយ ពេលនេះក្រុមការងារកំពុង​មមាញឹក​ក្នុង​ការ​តម្លើង​បង្គោល​ភ្លើង​ និង​ដាំផ្កាលេីសួនច្បារចំកណ្តាល​។

លោក​បន្តថា​ មហាវិថីថ្មីនេះ​ មានទទឹង៣០ម៉ែត្រ បណ្តោយផ្លូវជិត៦គីឡូម៉ែត្រចាប់ពីផ្លូវ១០០៣ ដល់មហាវិថី ឈ្នះ ឈ្នះ ជាសមិទ្ធផលថ្មីមួយទៀតនៅរាជធានីភ្នំពេញ ដែលនឹងជួយសម្រួលចរាចរណ៍ដ៏សំខាន់ជូនប្រជាពលរដ្ឋ ជាពិសេស​ជួយរំដោះការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ។

​លោក​ សាំ​ ពិសិដ្ឋ​ បាន​ឱ្យ​ដឹង​ទៀត​ថា​ សម្រាប់​ពេល​នេះក្រុមការងារកំពុងតម្លើងបង្គោលភ្លេីងលេីមហាវិថីថ្មីទទឹង៣០ម៉ែត្រ​ ចាប់បុរីអង្គរ ដល់ផ្លូវមុខហ្រ្គេនភ្នំពេញ ចំនួន១០០បង្គោលសិន នឹងបន្តទៅទៀតនៅពេលផ្លូវស្ថាបនារួច​ ចំណែក​សួនច្បារ​នៅចំកណ្តាលផ្លូវ ក៏ក្រុមការ ងារបាន និង​កំពុងដាំផ្កាយ៉ាងសស្រាក់សស្រាំផងដែរ​ ។

សូម​បញ្ជាក់​ថា មហាវិថីថ្មីនេះ ត្រូវបានស្ថាបនាឡើងជា ២ជំហាន គឺជំហានទី១ ចាប់ពីផ្លូវលេខ១០០៣ រហូតដល់មុខហ្គ្រេនភ្នំពេញ (Grand Phnom Penh) និងបន្តពីហ្គ្រេនភ្នំពេញរហូតទៅដល់មហាវិថីឈ្នះឈ្នះ ដែលមានទទឹង៣០ម៉ែត្រ មានសួនច្បារនៅចំកណ្ដាល ជាមួយនឹងការដាក់បណ្ដាញលូនៅសងខាងផ្លូវផងដែរ ។ ការដ្ឋាននេះ បើគិតមកដល់ ពេលនេះសម្រេចបាន ប្រមាណ ៩០ភាគរយហើយ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ការដ្ឋាននេះក៏នៅមានបញ្ហាប្រឈមនៃ ផលប៉ះពាល់មួយចំនួនផងដែរ នោះគឺប្រជាពលរដ្ឋប្រមាណ ២០០គ្រួសាររស់នៅលើទ្រូងផ្លូវនេះ។

​គួររំលឹកថា ការដ្ឋាននេះបានចាប់ផ្តើមការសាងសង់កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ ក្រោមវត្តមាន​ឯកឧត្តម​ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែល​មហាវិថីថ្មីនេះ ជាប្រភេទផ្លូវភ្លោះ មានប្រវែង ៥,៨៦០ម៉ែត្រ ទទឹង ៣០ម៉ែត្រ ជាផ្លូវបេតុងអារមេ កម្រាស់ ២០សង់ទីម៉ែត្រ ក្នុងនោះ ផ្លូវសងខាង ១២ម៉ែត្រ សួនកណ្តាល ២ម៉ែត្រនិងចិញ្ចើមផ្លូវសងខាង ២ម៉ែត្រ ផ្លូវទ្វេទិស មាន ៣គន្លងសម្រាប់រថយន្តទៅមក និង១គន្លងសម្រាប់ទោចក្រយានយន្តទៅមក​ និងដាក់បណ្តាញលូសងខាងផ្លូវទំហំ ០.៨ម៉ែត្រ ប្រវែង ១១,៧២០ម៉ែត្រ ព្រមទាំងដាក់លូឆ្លងកាត់ទទឹងផ្លូវ ចំនួន៨កន្លែងផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន