ធនាគារអភិវឌ្ឍន៍ជនបទ ត្រៀមសាងសង់ឃ្លាំងរក្សាទុក និងសម្ងួតភោគផលដំណាំស្វាយចន្ទី ដើម្បីរក្សាតម្លៃឱ្យបានខ្ពស់
សេដ្ឋកិច្ច March 22, 2021 Khmernote

អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ កំពុងគិតគូរពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងការទុកដាក់ផលដំណាំស្វាយចន្ទី ឱ្យបានល្អ ដើម្បីរក្សាតម្លៃឱ្យបានខ្ពស់ ខណៈបច្ចុប្បន្នមានកសិករជាច្រើនកំពុងចាប់អារម្មណ៍លើការដាំដំណាំមួយនេះ។ ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឃន៍ជនបទនិងកសិកម្ម ARDB បានមានប្រសាសន៍ថា បច្ចុប្បន្ននេះដំណាំស្វាយចន្ទី មានប្រជាកសិករងាកមកដាំដុះច្រើន ដោយសារដំណាំប្រភេទនេះ ស្រួលដាំ មិនត្រូវការទឹកច្រើន និងមិនរើសទីតាំង តែយ៉ាងណាក្តី កសិករគួរស្វែងយល់ពីបច្ចេកទេសដាំដុះ និងការថែទាំ ឱ្យបានច្បាស់លាស់ដើម្បីបង្កើនទិន្នផល ឱ្យកាន់តែខ្ពស់ ។

ឯកឧត្តម បានបន្តថា បច្ចុប្បន្នផ្នែកដាំដុះដំណាំស្វាយចន្ទីគឺមានហើយ ប៉ុន្តែសម្រាប់កន្លែងកែច្នៃ កន្លែងស្តុកទុក ក៏ដូចជា កន្លែងសម្ងួត គឺមិនសូវមាននោះទេ ។ ដូច្នេះហើយ ទើបធនាគារអភិវឌ្ឃន៍ជនបទនិងកសិកម្ម បានគិតអំពីបញ្ហា ហេដ្ឋារចនាសម្ព័ន្ធក្រោយការប្រមូលផលដំណាំប្រភេទនេះ បើសិនជាប្រជាកសិករចង់នាំចេញឱ្យបានច្រើន គឺត្រូវមាន កន្លែងស្តុកទុក កន្លែងសម្ងួត ដែលហៅថា ហេដ្ឋារចនាសម្ព័ន្ធក្រោយការប្រមូលផល ។

«ARDB កំពុងតែគិតពិចារណាទៅលើបញ្ហាផ្នែកផលិតផលស្វាយចន្ទី ដោយមួយរយៈចុងក្រោយនេះ ដូចជាមាន ទំនោរនៃការដាំដុះស្វាយចន្ទីច្រើន ពីព្រោះវាស្រួលដាំដូចដំឡូងមី វាមិនត្រូវការទឹកថែទាំច្រើនវាងាយទទួលផល ហើយស្វាយចន្ទីនេះ កាលណាដែលទទួលផលបានច្រើន វាអាចនឹងពាក់ព័ន្ធនឹងបញ្ហាតម្លៃទៀតហើយ ដូច្នេះយើងគិតគូរ ពីទីផ្សាររបស់ពួកគាត់ ដែលភាគច្រើនយើងគិតពាក់ព័ន្ធទៅលើការកែច្នៃក្នុងការនាំចេញ ដោយយើងមិនចាំបាច់ទៅពឹង ដង្ហើមគេទៀត ដូច្នេះហើយយើងគួរគិតគូរពីបញ្ហាដែលគេហៅថា ហេដ្ឋារចនាសម្ព័ន្ធក្រោយការប្រមូលផល របស់ដំណាំ ទាំងអស់នោះ »។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ប្រទេសកម្ពុជាមានផ្ទៃដីដែលកំពុងដាំ ស្វាយចន្ទី សរុបចំនួន២៥៨,៩៨៤ ហិកតា និងត្រៀមដីប្រមាណ ៣ម៉ឺនហិកតាបន្ថែមទៀត សម្រាប់ដាំដំំណាំប្រភេទនេះ ក្នុងបំណងនាំចេញទៅលក់នៅប្រទេសចិននាពេលខាងមុខតាមការបញ្ជាទិញ ៕

ប្រភព៖ ក្រសួងព័ត៌មាន